កំពង់ចាម ៖ សមាជិកក្រុមប្រឹក្សាស្រុក បាធាយ ខេត្ដកំពង់ចាម លោកគង់ ណន ត្រូវ បានអាជីវករលក់ គុយទាវ នៅផ្សារភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម ចោទប្រកាន់ថា បានប្រើអំណាច ឱ្យសាច់ញាតិ ធ្វើរបងថ្មបិទមុខផ្ទះ មិនឱ្យចេញចូលរួច ដោយយកលេសថា ធ្វើរបងហ៊ុំព័ទ្ធដីផ្សារ ជា របស់រដ្ឋ ។
លោកឈឹម សៀងហុង អាយុ៦៥ឆ្នាំ ដែលមានជំងឺប្រចាំកាយ ស្ទើរដើរមិនរួចផង នោះ និងប្រពន្ធអួង សុខុម អាយុ៥០ឆ្នាំជា អ្នករកស៊ីលក់គុយទាវនៅក្នុងផ្សារភ្នំដិលបាន រៀបរាប់ពីទុក្ខលំបាក ព្រោះតែអាជ្ញាធរ តាំង ពីថ្នាក់ឃុំ រហូតដល់ស្រុក គ្មានដំណោះស្រាយ ការដែលលោកគង់ ណន សមាជិកក្រុមប្រឹក្សា ស្រុកបាធាយ មានផ្ទះជាប់ គ្នានោះបានធ្វើ របងបាំងពីមុខផ្ទះរបស់ខ្លួន មិនឱ្យចេញនិង ចូលបាននោះឡើយ គឺជាការរំលោភបំពាន សិទ្ធិយ៉ាងពិតប្រាកដ តាំងពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥កន្លងទៅ ។
ម្ចាស់ផ្ទះដែលរងគ្រោះរូបនេះ បានស្រែក ថា អយុត្ដិធម៌ ព្រោះតែអាជ្ញាធរគ្មានដំណោះ ស្រាយជូនប្រជា ពលរដ្ឋមូលដ្ឋាន ដោយសារ តែខ្លួនមានតួនាទីនៅក្នុងស្រុកបាធាយ ដូច្នេះ លោកសូមអំពាវនាវដល់ អភិបាលខេត្ដកំពង់ ចាម ជួយបញ្ចប់បញ្ហាមួយនេះផង។
បើតាមប្រជាពលរដ្ឋរូបនេះ បានរំលឹកថា លោកគង់ ណន ធ្លាប់បានឱ្យកូនចៅរបស់ខ្លួន ដើរយកស្នាមដៃ ពីប្រជាពលរដ្ឋ នៅផ្សារភ្នំ ដិល ដោយប្រាប់ថា ដើម្បីស្នើសុំដាក់អំពូល ភ្លើងបំភ្លឺនៅពេលយប់ ប៉ុន្ដែក្រោយប្រមូល បានស្នាមដៃប្រមាណ៣០នាក់រួចមក ស្រាប់ តែលោកគង់ ណន ប្រែក្រឡៃដោយ យកការ ផ្ដិតមេដៃនេះ សម្រាប់សង់របងការពារដី ផ្សារទៅវិញ គោលបំណងបិទផ្លូវចូលផ្ទះរបស់ ពួកគាត់មិនឱ្យប្រកបអាជីវកម្ម ។
ម្ចាស់ផ្ទះរងគ្រោះបានអះអាងថា ក្រោយ ធ្វើរបងបិទមុខផ្ទះរបស់ខ្លួនរួចមក ពួកគេបាន ដាក់ពាក្យបណ្ដឹងទៅ អាជ្ញាធរឃុំ និងស្រុក ហើយក្រោយមកអភិបាលស្រុកបាធាយ លោកឡោ ចាន់លី បានចុះមកមើលនៅតែ គ្មានដំណោះស្រាយ ព្រោះអភិបាលស្រុក គឺ ជាសាច់ញាតិរបស់លោកគង់ ណន តែម្ដង។
យ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥នេះ ដំណោះស្រាយនៅ តែគ្មានខណៈ ដែលរបងថ្មនៅបន្ដធ្វើបាំងមុខ ផ្ទះដដែល គ្មានការវាយចោលនោះទេ ដែល នាំឱ្យគាត់ពីរនាក់ប្ដីប្រពន្ធ ពិបាកចូលទៅក្នុង ផ្ទះយ៉ាងខ្លាំង ជាពិសេសពេលរើឥវ៉ាន់ម្ដងៗ។
ចំពោះការចោទប្រកាន់ពីការប្រើអំណាច បំពានអ្នកជិតខាង ខាងលើនេះមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរក ការបកស្រាយបាននោះឡើយ ពីសមាជិក ក្រុមប្រឹក្សាស្រុកបាធាយ និងអភិបាលស្រុក នៅឡើយទេ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល