CamNews

ព័ត៌មានជាតិ 

ក្រសួងអប់រំទប់ស្កាត់ សកម្មភាព ឬឃោសនា នយោបាយ តាមគ្រឹះស្ថានសិក្សា

ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការហាម ឃាត់និង ទប់ស្កាត់ការធ្វើសកម្មភាព ឬឃោសនា នយោបាយ នៅតាមគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន នៅក្នុងប្រទេសកម្ពុជា។

ការចេញមកហាមឃាត់ របស់លោករដ្ឋមន្រ្តីនេះ បានធ្វើឡើង បន្ទាប់ពីមាន សមាគម អង្គការ បុគ្គលិក អប់រំ និងគ្រូបង្រៀន ជាប់កិច្ចសន្យា មួយចំនួន បានធ្វើសកម្មភាព មិនប្រក្រតី ដោយបានធ្វើការ ផ្សព្វផ្សាយ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ របស់សមាគម អង្គការទាំងនោះ និងឃោសនាបំផុស គំនិតឲ្យបុគ្គលិកអប់រំ ចូលរួមសកម្មភាពជាមួយ ដែលមានលក្ខណៈ ជានយោបាយ នេះបើយោងតាម សេក្ដីណែនាំដែល ចុះហត្ថលេខាដោយ លោករដ្ឋមន្រ្តីនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ។

ប្រភពខាងលើបន្តថា “សមាគម និងអង្គការខ្លះ បានបង្កើតឲ្យមានជាសាខា នៅតាមគ្រឹះស្ថានសិក្សា ព្រមទាំងធ្វើសកម្មភាពជ្រៀតជ្រែក ការងារគ្រប់គ្រងអប់រំ ដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ ធ្នាប់ក្នុង គ្រឹះស្ថានសិក្សា ដែលផ្ទុយនឹងគោលការណ៍អព្យាក្រឹត របស់គ្រឹះស្ថានសិក្សា ជាពិសេស ផ្ទុយពីច្បាប់ស្ដីពីការអប់រំ”។

ដើម្បីមិនឲ្យមានបញ្ហានេះ កើតឡើងទៀតក្រសួង សូមធ្វើការណែនាំដូចតទៅ៖ ទី១- មិនអនុញ្ញាតិ ឲ្យសមាគម អង្គការ ភ្នាក់ងារណាមួយ ធ្វើសកម្មភាព ក្នុងគ្រឹះស្ថានសិក្សា ដោយគ្មានការអនុញ្ញាតិ , ទី២-មិនអនុញ្ញាតឲ្យធ្វើសកម្មភាព នយោបាយឬការឃោសនា នយោបាយឲ្យគណបក្ស នយោបាយ ណាមួយនៅ គ្រឹះស្ថានសិក្សាសាធារណៈ ឬស្ថាប័នអប់រំឡើយ ស្របតាមមាត្រា៣៤ នៃច្បាប់ស្ដី ពីការអប់រំ , ទី៣-ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ឬក្រសួង ស្របតាមមាត្រា៤២ នៃច្បាប់ស្ដីពីការអប់រំ ក្នុងការស្នើសុំទីតាំងគ្រឹះស្ថានសិក្សាសាធារណៈ និងការផ្សព្វផ្សាយ ព័ត៌មាន គ្រប់រូបភាពណាក៏ដោយ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា , ទី៤-ក្នុងករណីបុគ្គលិកអប់រំ ធ្វើសកម្មភាព ឲ្យប៉ះពាល់ដល់អព្យាក្រឹត របស់ស្ថាប័នអប់រំ និងគ្រឹះស្ថានសិក្សា ត្រូវទទួលទណ្ឌកម្ម តាមមាត្រា៥២ នៃច្បាប់ស្ដីពីការអប់រំ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP