CamNews

ព័ត៌មានជាតិ 

លោក លឹម គានហោ ឧបត្ថម្ភ សិស្សស្រីពិការដៃ ទាំង២ កំព្រាឪពុក ប្រឡងជាប់បាក់ឌុប រហូតចប់ សកលវិទ្យាល័យ

កណ្តាល: រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះ ជួយស្រុកពញាឭ ខេត្តកណ្តាល លោក លឹម គានហោ បានប្រកាស ឧបត្ថម្ភ ដល់យុវតី អិុត ស្រីនប់ អាយុ១៩ឆ្នាំ ដែលពិការដៃ ទាំង២ និងកំព្រាឪពុក តាំងពីតូច ដែលបានប្រឡង ជាប់បាក់ឌុប ដោយផ្តល់ឱកាសដល់នាងរៀន រហូតចប់សកលវិទ្យាល័យ ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធាន បាមប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ថា ក្រោយទទួលបានព័ត៌មាន ពីសិស្សស្រីពិការដៃ ទាំង២ រស់នៅភូមិពាមជំនិត ឃុំវិហារហ្លួង ស្រុក ពញាឮ ខេត្តកណ្តាល បានប្រឡងជាប់បាក់ឌុប គឺកញ្ញា អ៊ិត ស្រីណប់ រួចមក លោក បានផ្តល់ការឧបត្ថម្ភ ជូននាង រៀនរហូតចប់ សកលវិទ្យាល័យ បើនាងចង់រៀននៅសាលាមួយនោះ។

ដោយឡែក សិស្សប្រឡងជាប់ នៅទូទាំង ស្រុកពញាឮ ខេត្តកណ្តាល ចំនួន២៩៦ នាក់ ក្នុង ចំណោម ៦០០នាក់ ត្រូវបាន លោក ចាន់ យុត្ថា ប្រាប់ថា លោករដ្ឋមន្រ្តី លឹម គានហោ បាន និងកំពុងគិតពិចារណា ផ្តាល់ប្រាក់រង្វាន់ ដល់ពួកគេ តាមនិន្ទេស ដែលទទួលបាន ដែលសិស្ស បានទទួលបាន និន្ទេស B ម្នាក់ និន្ទេស C ៩នាក់ ន្ទេស D 27 នាក់ និងនិន្ទេស E ២៥៩នាក់។

ជួបជាមួយ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥នេះ យុវតី អ៊ិត ស្រីណប់ បានរៀបរាប់ថា នាងបានទទួលនិន្ទេស E នៃការប្រឡងបាក់ឌុប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ហើយឥឡូវនេះ នាង បានដាក់ ជាប់អាហារូបករណ៏ ផ្នែកទេសចរណ៏ តាមរយ:សិស្សក្រីក្រ នៅសកល វិទ្យាល័យជាតិគ្រប់គ្រង NUM តែនាងមិនទាន់សម្រេចចិត្តរៀន នៅឡើយទេ ដោយចង់ដាក់ពាក្យ ប្រឡងគ្រូ សិន។

ដោយពិការទាំង២ តាំងពីចាប់ កំណើតមកម្ល៉េះនោះ អិុត ស្រីណប់ បាននិយាយពីជីវភាពគ្រួសារថា នាងមានបងប្អូន ៥នាក់ ស្រី៣នាក់ នាង ជាកូនទី៤ ដោយកំព្រាឪពុក តាំងពីតូច ហើយបច្ចុប្បន្ន មានតែម្តាយ ជាស្រីម៉េម៉ាយ ជា កសិករ ខិតខំរកសីុ ចិញ្ចឹមកូន ទាំង៥នាក់ ដោយត្រដាបត្រដួស ជាទីបំផុត ។

និយាយដល់ចំណុចនេះ ដោយអួលដើមក ងនោះ អ៊ិត ស្រីណប់ បានបន្តថា ដោយសារកត្តា ជីវភាពក្រីក្រពេក បានបង្ខំអោយ បងស្រី របស់ខ្លួន បោះបង់ការសិក្សា នៅពាក់កណ្តាល តែសម្រាប់នាង បានតស៊ូ រហូតបាន ប្រឡង ជាប់ឌុប ។

យ៉ាងណាក៏ដោយ គេសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នឹងបន្តជួយឧបត្ថម្ភ នាង ជាបន្តបន្ទាប់ទៀត ទាំងរូប នាងផ្ទាល់ និងក្រុមគ្រួសារ ទាំងមូលតែម្តង៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal