ភ្នំពេញ ៖ គណៈប្រតិភូសារៈមន្ទីរ (Christie’s) អន្តរជាតិ នៃសហរដ្ឋ អាម៉េរិក មួយចំនួន បានទៅ ទស្សនា នៅទីតាំងដើម របស់បដិមាបីអង្គ ដែលមានដើមកំណើត នៅប្រាសាទចិន នៃរមណីយដ្ឋានកោះ កេរ ដែលខ្លួនបានប្រគល់ឲ្យកម្ពុជាវិញ កាលពីចុង ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ។
យោងតាមមន្រ្តី នៃទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ការចុះទស្សនា ដោយផ្ទាល់របស់ប្រតិភូ អាម៉េរិកនេះ គឺដើម្បីបញ្ជាក់ថា រូបបដិមាទាំងបីនេះ តើពិតជានៅកន្លែងតំបន់ប្រសាទចិន នេះពិតឬយ៉ាង ណា?
បដិមាទុរយោធន៍ ភីម និងពលរាម បានមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ កាលពីចុងខែឧសភា ឆ្នាំ២០១៤ កន្លងទៅ បន្ទាប់ពីអវត្តមាន ពីទីឋានកំណើត របស់ខ្លួនអស់រយៈពេលជាង ៤០ឆ្នាំមកនោះ។ បដិមាទាំង បីមានដើមកំណើតនៅប្រាសាទចិន នៃរមណីយដ្ឋានកោះកេរខេត្តព្រះវិហារ ហើយដែលត្រូវបានឆ្លាក់ឡើង នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ សតវត្សទី១០។
ដោយមានស្ថានទូត សហរដ្ឋអាម៉េរិក ប្រចាំនៅរាជធានីភ្នំពេញ និងស្ថាប័នរដ្ឋអាជ្ញាអាម៉េរិក ជាអន្តរការី បដិមា ភីម ត្រូវបានបញ្ជូនត្រឡប់ មកទីឋានកំណើតវិញ បន្ទាប់ពីមានកិច្ចចរចា ដោយផ្ទាល់ប្រកបដោយ ភាពយោគយល់គ្នារវាងមន្ត្រីកម្ពុជា និងតំណាងនៃសារៈមន្ទីរ Norton Simonនៅទីក្រុង Paadena រដ្ឋ Californiaនោះ រីឯបដិមាពលរាម ត្រូវបានគណៈរដ្ឋមន្ត្រីប្រកាសថា ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ តាមការព្រមព្រៀងគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនដេញថ្លៃ Christie's ក្រោមកិច្ចសម្របសម្រួល ជាអន្តរការី ពីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅរាជធានីភ្នំពេញ និងស្ថាប័នរដ្ឋអាជ្ញាធរ អាម៉េរិកជាដើមនោះ។
ថ្លែងក្នុងកម្មវិធីជូន ដំណើរដល់គណៈប្រតិភូសហរដ្ឋអាម៉េរិក ទាំងនោះ លោក សួស យ៉ារ៉ា អ្នកតំណាង រាស្រ្តមណ្ឌលព្រះវិហារ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញផ្ទាល់នូវទីតាំងរូបបដិមា គណៈប្រតិភូសារៈមន្ទីរ Christie’s អន្តរជាតិសហរដ្ឋអាម៉េរិក បានបង្ហាញនូវក្តីរំភើប និងកោតសរសើរ ដល់បុព្វបុរស ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវស្នាដៃដ៏ល្អឯកគ្មានពីរនៅលើពិភពលោកឲ្យដល់ប្រជាជាតិកម្ពុជា។ ជាមួយគ្នា នេះគណៈប្រតិភូទាំង អស់ ក៏បានសន្យាថា នឹងខិតខំធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្រាវជ្រាវរកបដិមាដែលបាត់មួយចំនួនទៀត ដើម្បីនាំមកឲ្យបានជួបជុំគ្នាវិញ ក្នុងមហាគ្រួសារ ភាតរៈតែមួយរបស់កម្ពុជា។
លោកបានបន្តថា តាមការស្រាវជ្រាវ របស់អ្នកជំនាញ បានបង្ហាញថា មហាគ្រួសារភារតៈមាន បដិមាចំនួន៩ នៅក្នុងក្រុមតែមួយ ប៉ុន្តែដោយសារ ប្រទេសកម្ពុជា ជួបបញ្ហាសង្គ្រាម ទើបមានជនខិលខូច បានលួចយកបដិមាមួយចំនួនធ្វើការជួញដូរបង្កនូវការបាត់់បង់អស់។ ប៉ុន្តែដោយសារ ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន បានសហការល្អជាមួយរដ្ឋាភិបាលនៃសហរដ្ឋអាម៉េរិក, អង្គការ យូណេស្កូ, សាលាបារាំងចុងបូព៌ា (EFEO) និងអ្នកជំនាញដទៃទៀត បដិមាចំនួន៥រូប ដែលជា បេតិកភណ្ឌ វប្បធម៌របស់ខ្មែរ មានបដិមាដ៏ធំនៃដៃគូប្រយុទ្ធគ្នាគឺ ទុរយោធន៍ ភីម និងពលរាម រួមជាមួយនឹង បដិមាពីរទៀត នៅក្នុងក្រុមតែមួយនេះគឺ សហទេព និងនកុល ដែលជាទេវរូបពីរអង្គក្នុងចំណោមបងប្អូន បណ្ឌវ ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជា ឲ្យមកជួបម្ចាស់ដើមពិតប្រាកដរបស់ខ្លួនវិញ។
សូមរំលឹកថា បដិមាទាំង៥ រូបនេះ រួមនឹងបដិមាទី៦ មួយទៀតនៅក្នុងឈុតឆាកតែមួយនេះ គឺស្ថិតនៅ ក្នុងប្រទេសកម្ពុជាស្រាប់។ ក្នុងចំណោមបដិមានៅក្នុងឈុតឆាកតែមួយ ចំនួន៩ បានជួបជុំគ្នាវិញ ចំនួន៦ហើយ គឺនៅចំនួនបីទៀតដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយុទ្ធនាការខិតខំប្រឹង ប្រែងទាមទារយកត្រឡប់មកវិញ ដើម្បីបង្គ្រប់ឈុតឆាកនេះឡើងវិញ៕