ភ្នំពេញ៖ លោក ម៉េង វិមានតារា អធិការរងនរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ១៖១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយនគរបាលប៉ុស្តិស្ទឹងមានជ័យ បានចុះបង្ក្រាប និងចាប់ខ្លួន ប្រធានសាខាភ្នំពេញ កាសែតតាព្រហ្មមុខ៤ ស្ថិតនៅចំណុច ផ្លូវលំ ភូមិមានជ័យ០១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទជួញដូរថ្នាំញៀន។
លោក ម៉េង វិមានតារា បានបញ្ជាក់ថាជនសង្ស័យឈ្មោះ លីន ម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ ហើយក្រោយការចាប់ខ្លួន កម្លាំងរបស់លោកបានដកហូតថ្នាំញៀន ក្រាមពណ៌សថ្លា ១កញ្ចប់ធំ ម៉ូតូ០១ គ្រឿងម៉ាកស្កុបពី ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 1CP.2969 លុយដុល្លាអាមេរិក 400$ និងលុយខ្មែរ ១០០០០០រៀល និងទូរសព្ទ២ គ្រឿងផងដែរ។
បើតាមអធិការរងរូបនេះ ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ឲ្យកងកម្លាំងតាមស្រាវជ្រាវ លើការបង្ក្រាបករណីជួញដូរ គ្រឿងញៀននៅតាមមូលដ្ឋាន ជាប្រចាំនោះ អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានដឹកនាំកម្លាំងចុះតាមដាន រហូតចាប់មុខសញ្ញានេះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងត្រូវបាន នាំយកមកអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល