ភ្នំពេញ៖ អគ្គនាយកដ្ឋាន អត្តសញ្ញណកម្ម ក្រសួងមហាផ្ទៃ ក្រោយពីបានពិនិត្យ ការផ្សព្វផ្សាយ តាមរយៈ បណ្តាញសង្គម Facebook ស្តីពីសំបុត្របញ្ជាក់ កំណើតដោយសារថា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ប្រទេសវៀតណាមនោះ ក៏បានចេញសេចក្តី ប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា នេះជាករណីក្លែងលិខិត ក្នុងចេនាឆ្លៀតប្រើប្រាស់ បណ្តាញសង្គម Facebook ក្នុងបំណងបំពុលបរិយាកាសសង្គម។ ហើយជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវជាបន្ទាន់ វែកមុខជនប្រព្រឹត្តបទល្មើស យកទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននាយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង មហាផ្ទៃ បានពិនិត្យឃើញមានការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Facebook ស្តីពីសំបុត្របញ្ជាក់ កំណើតលេខ០៨ សៀវភៅបញ្ជាក់កំណើតលេខ០១ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ ប៉ុន្តែសំបុត្របញ្ជាក់កំណើតនេះមានភាពមិនប្រក្រតីនៅត្រង់ ទីកន្លែងកំណើត របស់សាម៉ីខ្លួន ដែលសរសេរថា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ប្រទេសវៀតណាម)។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ឲ្យមានការត្រួត ពិនិត្យជាបន្ទាន់ទៅលើសៀវភៅអត្រានុកូលដ្ឋានភ្លោះច្បាប់ដើមដែលតម្កល់ទុកនៅសាលាស្រុកគិរីវង់ ខេត្តតាកែវ ឃើញថាទិន្នន័យត្រង់ទីកន្លែងកំណើត របស់សាម៉ីខ្លួនបានសរសេរថា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ប្រទេសកម្ពុជា)។ ដូច្នេះសំបុត្រកំណើតដែលផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Facebook ជាសំបុត្រកំណើតដែលមានភាពមិនប្រក្រតី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចាត់ទុកថា នេះជា ករណីឆ្លៀតប្រើប្រាស់បណ្តាញសង្គម Facebook ក្នុងបំណងបំពុលបរិយាកាស៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល