CamNews

តារា 

ម្ចាស់​បទ «អូន​ទៅ​ភ្នំ​ពេញ» លោក មួន ម៉ារ៉ា ធ្វើ​ខួប​កំណើត​កូន​ប្រុស​ដំ​បូង ហៅ​អ្នក​សិល្បៈ​តិច​តូច

(ភ្នំពេញ)៖ អតីតតារាចម្រៀង ធ្លាប់​មានឈ្មោះល្បី ក្នុងសង្វៀនសិល្បៈកាលពីជិត១០ ឆ្នាំមុន លោក មួន ម៉ារ៉ា បានរៀបចំកម្មវិធីខួបកំណើត​ឲ្យកូនប្រុសដំបូង របស់ខ្លួនគម្រប់​ខួប១ឆ្នាំ នៅឯភោជនីយដ្ឋាន V Friend នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយបាន​អញ្ជើញអ្នកសិល្បៈជិតស្និទ្ធតិចតូច ដើម្បីចូលរួមអបអរសាទរ ខណៈក្រៅពីនោះភ្ញៀវ​កិត្តិយសចូលរួម សុទ្ធតែជាញាតិមិត្ត និងបងប្អូនខាងប្រពន្ធ។

ម្ចាស់បទ «អូនទៅភ្នំពេញ» លោក មូន ម៉ារ៉ា បានសម្ដែងក្ដីត្រេកអរ​យ៉ាងខ្លាំង នៅពេលដែលអ្នកសិល្បៈ ក៏ដូចជាបងប្អូនញាតិមិត្ត ផ្ដល់កិត្តិយស ចូលរួមក្នុងកម្មវិធីខួប​កំណើតកូនប្រុស របស់ខ្លួន នាយប់មិញនេះ​យ៉ាងច្រើន បើទោះបីត្រូវរំខាន ដោយ​ដំណក់ទឹកភ្លៀងបន្តិចក្ដី។ លោក មួន ម៉ារ៉ា ថ្លែងប្រាប់អ្នកព័ត៌មានថា លោកបានអញ្ជើញមិត្តភក្តិ​ជា​អ្នក​សិល្បៈ​ និងក្រៅរង្វង់​សិល្បៈ​ប្រមាណជា១៥តុ ​ក្នុងនោះក៏មានមន្រ្តីមួយចំនួនផងដែរ ព្រោះតែលោកចង់ជួបជុំសប្បាយរីករាយ ជាមួយគ្នាម្ដង។

លោក មូន ម៉ារ៉ា បន្តថា ខួបកំណើតកូនប្រុសឈ្មោះ ម៉ារ៉ា ធូណាដូ (Mara Thornado) នៅក្នុងថ្ងៃនេះ គឺក្នុងគោល​បំណងលើករាសី សុំសិរីសួស្ដី ក្នុងគ្រួសារ និងជាការបង្កើនភាពស្និទ្ធស្នាល ជាមួយមិត្តរួមអាជីព ខណៈដែលការងារសិល្បៈ​របស់លោក ក៏កំពុងតែចាប់ផ្ដើមបោះ​ជំហាន បង្ហាញមុខជាថ្មី ក្នុងវិស័យសិល្បៈ​វិញ​ផងដែរ។

ងាកមកការងា​រ​សិល្បៈវិញ តារាចម្រៀង មួន ម៉ារ៉ា បានសង្កត់ធ្ងន់ថា ថ្មីៗនេះ លោកក៏មានបទចម្រៀងថ្មី ចំនួន៣បទ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារចម្រៀងដែរ ដោយត្រៀមបង្ហាញឲ្យទស្សនិកជនឲ្យបានឃើញ តាមរយៈកញ្ចក់ទូរទស្សន៍ នៅពេលឆាប់ៗខាងមុខនេះ ហើយក៏ជាសញ្ញាមួយ​បញ្ជាក់ថា លោកដើរចូលមកកាន់សង្វៀនសិល្បៈ វិញហើយ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

Tags: Moun mara