CamNews

ព័ត៌មានជាតិ 

មុខសញ្ញាបាញ់ប្លន់នៅភ្នំពេញ២នាក់! ថ្ងៃនេះកម្លាំងអាវុធហត្ថខ្លួនបានហើយនិង...

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរប្លន់២នាក់ ទៅតុលាការ បន្ទាប់ពីស្រាវជ្រាវ ហើយចាប់ខ្លួនបាន។ ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេទាំង២នាក់ ជិះម៉ូតូ១គ្រឿង អាវុធខ្លី១ដើម បានបាញ់ប្លន់ និងឆក់យកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ និងខណ្ឌ៧មករា ចំនួន៤លើកមកហើយ។

មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅម្តុំសាលា​អាលីយ៉ង់ ស្ថិតក្នុងខណ្ឌដូនពេញ ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ បានដកកាំភ្លើងបាញ់​ចំនួន២គ្រាប់ ទៅលើជនរងគ្រោះចំនួន៥នាក់ បណ្តាលឲ្យរបួសម្នាក់ ចំគូថចំហៀងខាងស្តាំបៀមគ្រាប់។ បន្ទាប់មក ជនសង្ស័យបានគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះជាពីរបួស ទើបមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចកងរាជអាវុធហត្ថ។

លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅម្តុំសួនច្បារវិមានឯករាជមុខវត្តលង្កា។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជា ចម្លើយសារភាពរបស់ជនល្មើសបានឲ្យដឹងថា ពួកគេទាំងពីរនាក់មានឈ្មោះ នូ ឧត្តម ហៅចូក អាយុ១៧ឆ្នាំ និងឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ អាយុ២៤ឆ្នាំ គឺជាបក្ខពួកនឹងគ្នា ហើយរយៈកាលកន្លងមក ពួកគេទាំងពីរនាក់ធ្លាប់ធ្វើសកម្មភាព បាញ់ប្លន់យកម៉ូតូ និងឆក់សម្ភារតាមដងផ្លូវចំនួន០៤លើក រួចមកហើយ ដោយប្រើប្រាស់មធ្យាបាយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌មាស ស្លាកលេខ ភ្នំពេញ 1GI-1470 និងអាវុធខ្លី០១ដើម ម៉ាកកា៥៤។ ពេលធ្វើកម្មភាពម្តងៗ ឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ ជាអ្នកឌុប ហើយឈ្មោះ នូ ឧត្តម ហៅ ចូក ជាអ្នកកាន់អាវុធ អង្គុយពីក្រោយចាំបាញ់ប្លន់ យកម៉ូតូពីជនរងគ្រោះ។

សកម្មភាពលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្លន់នៅម្តុំសាលាអាលីយ៉ង់ ដោយបាញ់ចំនួន០២គ្រាប់ ត្រូវគូទជនរងគ្រោះ០១គ្រាប់ និង០១គ្រាប់ទៀត មិនផ្ទុះយកបានម៉ូតូ០១គ្រឿង ម៉ាកសង់ប៊ិច។ សកម្មភាពលើកទី២ (មិនចាំថ្ងៃខែ) ប្លន់នៅចំណុចម្តុំផ្លូវភ្លោះរអូរឫស្សី ដោយបាញ់គម្រាមភ្ចុចដី០១គ្រាប់  យកបានម៉ូតូ០១គ្រឿង ម៉ាកឃ្លីកពណ៌ស ពីជនរងគ្រោះម្នាក់ជាស្រ្តី។ សកម្មភាពលើកទី៣ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ប្លន់យកម៉ូតូ០១គ្រឿងពីស្ត្រីម្នាក់ នៅចំណុចម្ដុំក្ដាន់២ (តែមិនបានសម្រេច) ដោយសារមានប្រជាពលរដ្ឋច្រើន និងសកម្មភាពលើកទី៤ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧នេះដែរ ឆក់ទូរស័ព្ទបាន០១គ្រឿងពីជនរងគ្រោះម្នាក់ជាស្ត្រី នៅម្តុំផ្សារអូរឬស្សី៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news