ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង នៅថ្ងៃទី១៤ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីប្រកាសដល់សិស្ស ដែលទទួលបានជោគជ័យ និងមិនជោគជ័យ នៃការប្រឡងបាក់ឌុបឆ្នាំ២០១៥ ឬឆ្នាំកន្លងទៅ ក៏ដូចជាសិស្សប្រឡងធ្លាក់ ឬជាប់ថ្នាក់ទី៩ ពួកគាត់មានឱកាស ទទួលបានអាហារូបករណ៍ សិក្សានៅវិទ្យាស្ថាន ឬមជ្ឈមណ្ឌលនានា ទាំង២៥ ដែលចំណុះកឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សេចក្តីជូនដំណឹងរបស់លោករដ្ឋមន្ត្រី បញ្ជាក់ថា មុខជំនាញដែលក្រសួងផ្តល់អាហារូបករណ៍នៅសុទ្ធសឹងតែ ទីផ្សារ ការងារកំពុងត្រូវការ យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន និងទៅអនាគត រួមមាន ជំនាញអគ្គិសនី អេឡិចត្រូនិច បរិក្ខារត្រជាត់ មេកានិច រថយន្ត សំណង់ និងជំនាញវិស្វកម្មលោហៈជាដើម។
សម្រាប់ព័ត៌មានបន្ថែមពីការផ្តល់ជូនអាហារូបករណ៍នេះអាចទាក់ទងលេខទូរស័ព្ទ ០១២ ៣០៦ ៨៥៥ , ០១០ ៣០៦ ៨៥៥ , ០១១ ៨៥៣ ៨១២ និង ០១២ ២២៣ ១៨៩៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល