CamNews

តារា 

ពៅ ពេជ្រ ចេញ​បទ Original Song លើក​ដំបូង នៅ Rock Music រំ​ពឹង​ថា នឹង​ទទួល​ជោគ​ជ័យ

(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ លោក ពៅ ពេជ្រ ដែលមហាជនធ្លាប់ស្គាល់រួចមកហើយ តាមរយៈការបកស្រាយនូវចម្រៀង «នឹងបង៥០%​» ធ្វើឲ្យផ្ទុះកក្រើក កាលពីប៉ុន្មានខែមុននោះ នៅពេលនេះ លោកបានបង្ហាញវត្តមាន នៅក្នុង​ Rock Music ដោយបានចេញបទចម្រៀង ជាលើកដំបូងរបស់ខ្លួន និងរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង ផ្ទុះឡើងជាថ្មីពីសំណាក់មហាជនទូទៅ។

បទចម្រៀង ដែលលោក ពៅ ពេជ្រ ខិតខំប្រឹងប្រែងនិពន្ធ​ ​ទំនុកច្រៀងខ្លួនឯង និងសាច់ភ្លេងដោយ​ Mr. J-Pok នេះ មានចំណងជើងថា «ស្រឡាញ់គេ ពេលមានអូន» ដែលជាបទមនោសញ្ចេតនា ស្នេហា លន្លង់​លន្លោច ត្រូវចិត្តយុវវ័យ។

តារាចម្រៀង ពៅ ពេជ្រ បានថ្លែង​ប្រាប់ឲ្យដឹងថា តាមរយៈ​បទចម្រៀងនេះ ធ្វើឲ្យលោកមានក្ដីរំពឹងថា នឹងទទួលបានប្រជាប្រិយភាពឡើង មួយកម្រិត​​ទៀត ខណៈដែលនេះ​​ជា​ស្នាដៃ​របស់លោក ដែលខិតខំប្រឹងប្រែងនិពន្ធផ្ទាល់​​​ដោយខ្លួនឯង ដើម្បីធ្វើយ៉ាងណាឲ្យ​​មានរសជាតិប្លែកពីគេ។ បទនេះលោកកំពុងតែត្រៀម ផលិតចេញជា MV ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុង​ Rock Music ដែលជាផលិតកម្មមួយ មានឈ្មោះល្បីល្បាញ លើបទច្រៀង Original Song។

លោកបន្តទៀតថា មូលហេតុដែលលោក​សម្ដែង នូវក្ដីរំពឹងខ្ពស់បែបនេះ ព្រោះតែបច្ចុប្បន្ន​ ទស្សនិកជនជាច្រើន​បានគាំទ្រ​ទៅលើបទ Original Song ​ដោយមិនចម្លង​​​ពីបរទេស ហើយគោលការណ៍​​របស់​​ Rock Music តែងតែប្រកាន់ជំហបែបនេះរហូតមក ហើយនៅពេលនេះរូបលោក​ផ្ទាល់ ក៏មានស្នាដៃរបស់ខ្លួន បង្ហាញជូនដល់​បងប្អូន​ទស្សនិកជន ស្ដាប់កម្រាន្តផងដែរ។

សូមស្ដាប់បទ «ស្រឡាញ់គេ ពេលមានអូន» ដែលជា Original Song របស់តារាចម្រៀង ពៅ ពេជ្រ ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pov pich