*ក្រោយហៅទៅ ដោះស្រាយនៅប៉ុស្តិ៍ មានមន្ត្រីជាន់ខ្ពស់អន្តរាគមន៍ មិនឲ្យនគរបាលរងគ្រោះ ដាក់ពាក្យបណ្តឹង ជនរងគ្រោះបានត្រឹមតែតឹងទ្រូង
ភ្នំពេញ៖ ស្រ្តីរូបរាងស្អាតបាតម្នាក់ ដែលគេស្គាល់ថា ជាថៅកែភោជនីយដ្ឋានមេគង្គ និងជាថៅកែ ការ៉ាអូខេ អាយវែន នៅខាងជើងសាលាបាក់ទូក បានធ្វើការជេរប្រមាថ និងវាយទៅលើមន្ត្រីនគរបាល ដែលចុះបេសកកម្ម ការពារមណ្ឌលប្រលង ខណៈដែលមន្ត្រីនគរបាលខាងលើ បានហាមឃាត់មិនឲ្យស្ត្រីរូបនេះ ចតរថយន្តរបស់ខ្លួន នៅលើចិញ្ចើមផ្លូវជាប់និងរបងសាលាបាក់ទូក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១៧នាទី ព្រឹកថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវលេខ១៦៤ កែងផ្លូវលេខ១៦៩ ខាងត្បូងឈាងខាងលិចសាលាបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
គេមិនបានស្គាល់ស្តី្រខាងលើ មានឈ្មោះអ្វីពិតប្រាកដនោះទេ ដោយមានអ្នកស្គាល់អះអាងថា ស្ត្រីរូបនេះ ជាថៅកែ ភោជនីដ្ឋានមេគង្គ និជាថៅកែហាងខារ៉ាអូខេ អាយវែន ដែលមានទីតាំងនៅជាប់គ្នា កែងផ្លូវម្ខាងនៃសាលាបាក់ទូក ក្បែរកន្លែងកើតហេតុ។ ចំណែកមន្ត្រីនគរបាលរងគ្រោះ ដែលគេស្គាល់ឈ្មោះ សេង ណាត់ មានទួនាទី ជានាយរងផ្នែក អន្តរាគមន៍នៃអធិការដ្ឋាន ខណ្ឌ៧មករា បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបលោក ត្រូវបានថ្នាក់លើចាត់តាំងឲ្យទៅយាមការពារមណ្ឌលប្រលងវិទ្យាល័យបាក់ទូក ដោយឈរជើងនៅចំណុច កើតហេតុ។ លុះនៅម៉ោងកើតហេតុស្រាប់តែស្ត្រីបង្កខាងលើ បានបើករថយន្តម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-0119 មកចត នៅលើចិញ្ចើមផ្លូវជាប់និងរបងសាលាបាក់ទូក ដែលសមត្ថកិច្ចហាមឃាត់មិនឲ្យចត ព្រោះសិស្សត្រូវប្រលងបាក់ឌុបនោះ ស្រាប់តែស្ត្រីខាងលើ មិនព្រមបើកចេញ ហើយក៏ចុះមកឈ្លោះជេរប្រមាថ ខណៈដែលខ្លួនពន្យល់ពីការហាមឃាត់នេះ ស្រាប់តែស្ត្រីខាងលើ ស្ទុះមកវាយខ្លួនត្រូវចំមុខ តែមិនរងរបួសធ្ងន់ធ្ងរ នោះទេ ដោយស្ត្រីខាងលើអះអាងថា ជាកន្លែងដែលខ្លួនចតរាល់ថ្ងៃ ហើយក៏ដើរចូលទៅក្នុងការ៉ាអូខេ អាយវែន បាត់ទៅទោះបីជាមន្ត្រីនគរបាលរងគ្រោះនិងមន្ត្រីនគរបាលផ្សេងទៀតទាមទារឲ្យស្រ្តីរូបនេះធ្វើការទទួលខុសត្រូវ នូវទង្វើប្រមាថនិងវាយទៅលើមន្ត្រីនគរបាល ស្ថិតក្នុងឯកសណ្ឋានពេលកំពុងបំពេញការងារ យ៉ាងណាក៏ដោយ ក៏គេមិនព្រមចេញមកដោះស្រាយដែរ។ មួយសន្ទុះក្រោយមកដោយមានបញ្ជាពីលោកអធិការខណ្ឌ៧មករា ទើបស្ត្រីបង្កហេតុសុខចិត្តបើករថយន្តទៅធ្វើការដោះស្រាយនៅប៉ុស្តិ៍នគរបាលវាលវង់ ជាមួយនឹងភាគីរងគ្រោះ។ ប៉ុន្តែខណៈទៅដោះស្រាយនោះ ប្រើពេលអស់កន្លះម៉ោងស្រាប់តែមានមន្ត្រីនគរបាល ចេញមកប្រាប់អ្នកកាសែតថា រឿងនេះបានដោះស្រាយគ្នាចប់ហើយ ដោយស្ត្រីបង្កធ្វើការសុំទោសទៅលើមន្ត្រីនគរបាលរងគ្រោះ។ ប៉ុន្តែបើតាម ប្រភពអ្នកលួចទម្លាយឲ្យដឹង មុនដំបូងបានអះអាងថា ស្ត្រីបង្កហេតុមិនព្រមធ្វើការសុំទោសនោះទេ ហើយមន្ត្រី នគរបាលក៏មិនសុខចិត្តនោះដែរ ដោយចង់ឲ្យធ្វើការដោះស្រាយតាមច្បាប់ ព្រោះទង្វើរបស់ស្រ្តីរូបនេះដែល វាយនិងជេរប្រមាថមកលើខ្លួន ក្នុងឯកសណ្ឋាននគរបាលជាតិពេលកំពុងបំពេញភារកិច្ច បែបនេះគឺមិនត្រឹមតែ ប៉ះពាល់ ដល់កិត្តិយសបុគ្គលខ្លួនតែម្នាក់ប៉ុណ្ណោះនោះទេ គឺប៉ះពាល់ដល់កិត្តិយសនគរបាលជាតិទាំងមូល តែក្រោយមកស្រាប់តែមានអ្នកធំអន្តរាគមន៍ដោយមិនឲ្យមន្ត្រីនគរបាលរងគ្រោះ ដាក់ពាក្យបណ្តឹងតាមច្បាប់ នោះឡើយ ហើយសុខចិត្តឲ្យស្ត្រីបង្កធ្វើការសុំទោសបញ្ចប់រឿងទាំងមន្ត្រីនគរបាលរងគ្រោះមិនពេញចិត្ត តែធ្វើមិច បញ្ជារបស់មេមិនឲ្យប្តឹងទៅហើយនោះ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ មន្ត្រីសមត្ថកិច្ចតូចតាចជាច្រើននាក់បាននាំគ្នារអ៊ូរទាំថា មិនត្រឹមតែលើកនេះ នោះទេ កន្លងមកឲ្យតែអ្នកមានអំណាច អ្នកមានលុយ ធ្វើទង្វើមិនគម្បីមកលើ មន្ត្រីតូចតាច ភាគច្រើនតែងតែ មានអ្នកមានលុយ អ្នកមានអំណាចចេញអន្តរាគមន៍ ឲ្យបញ្ចប់រឿងទាំងភាគីរងគ្រោះមិនសុខចិត្ត តែដោយសារ គោរពបទបញ្ជាមេ ឬខ្លាចឥទ្ធិពល កូនចៅចេះតែនាំគ្នាបញ្ចប់រឿងក្រៅច្បាប់ ទាំងឈឺចុកចាប់បំផុត៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល