CamNews

ព័ត៌មានជាតិ 

តុលាការផ្ដន្ទាទោស អ្នកលួចព្រះសារីរិក ធាតុ ៥នាក់ ជាប់ពន្ធនាគារ ៧ឆ្នាំ

កណ្ដាល ៖ ជនជាប់ចោទ៥នាក់ ដែល ពាក់ព័ន្ធករណីលួចព្រះសារីរិកធាតុ នៅលើភ្នំ ឧដុង្គ កាលពីដើមឆ្នាំ២០១៤កន្លងទៅនោះ ឥឡូវត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង ខេត្ដកណ្ដាល ប្រកាសសាលក្រមនៅព្រឹកថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០១៥ ដោយផ្ដន្ទាទោស ពួកគេ ជាប់ពន្ធនាគារ ក្នុងម្នាក់៧ឆ្នាំ និងបង់ ប្រាក់ពិន័យចំនួន៨លានរៀល ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកណ្ដាល លោកសាយ សម្ផស្សសេរី បានប្រកាស សាលក្រមជនជាប់ចោទចំនួន៥នាក់ ក្នុងនោះ សន្ដិសុខ៤នាក់ ដែលយាមកាមនៅព្រះសក្យមុនីចេតីយ៍ និងជនដៃដល់ម្នាក់ទៀត ខណៈ ដែលអ្នករត់ម៉ូតូឌុប ត្រូវបានលើកលែងការ ចោទប្រកាន់ ។

មន្ដ្រីសាលាដំបូងខេត្ដកណ្ដាលបានឱ្យដឹងថា ជនជាប់ចោទទាំង៥នាក់ ត្រូវបានតំណាង អយ្យការសម្រេចចោទប្រកាន់ពីបទលួច បូរនីយវត្ថុក្នុងព្រះពុទ្ធសាសនា មានស្ថាន ទម្ងន់ទោស ។

សូមបញ្ជាក់ថា ជនសង្ស័យ៦នាក់ ត្រូវ បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធលួចព្រះសារីរិកធាតុ កាលពីអំឡុង ខែធ្នូ ឆ្នាំ២០១៣ ក្នុងនោះសន្ដិសុខ៤នាក់ រួម មានឈ្មោះផា សុខខែម អាយុ៤៦ឆ្នាំ ជា ប្រធានឆ្មាំ នៅព្រះសក្យមុនីចេតីយ៍ ទី២ ឈ្មោះកា សាត អាយុ៤៧ឆ្នាំ ទី៣ ឈ្មោះ សៀង សារិន អាយុ៥០ឆ្នាំ ទី៤ ឈ្មោះថៃ ជា និងទី៥ ឈ្មោះកែវ រស្មី ជាជនដៃដល់លួច ព្រះសារីរិកធាតុ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅផ្ទះ ក្នុងភូមិកកោះ ឃុំខ្វាវ ស្រុក ទ្រាំង ខេត្ដតាកែវ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៤ ខណៈដែលឈ្មោះកាន់ សុភក្ដិ ជា អ្នករត់ម៉ូតូឌុប ត្រូវបានលើកលែងការចោទ ប្រកាន់ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal