CamNews

ព័ត៌មានជាតិ 

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព ឯកឧត្ដម

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានក្ដីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្ដាយអាឡោះអាល័យជាទីបំផុត ដោយបានទទួលដំណឹងថា ឯកឧត្ដម សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៧៖០៦នាទីល្ងាច ក្នុងជន្មាយុ៩៦ឆ្នាំ ដោយរោគគាពាធ។

មរណភាពរបស់ ឯកឧត្ដម សាយ ភូថង គឺជាការបាត់បង់ឥស្សរជនខ្មែរដ៏ឧត្តុង្គឧត្ដមមួយរូបដែលបានបូជាសាច់ស្រស់ ឈាមស្រស់យកអស់ពីកម្លាំងចិត្តដឹកនាំ រំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត យង់ឃ្នង និងបានចំណាយពេលវេលាអស់មួយជីវិតរបស់ ឯកឧត្ដម មិនខ្លាចការលំបាក និងភាពនឿយហត់ ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដោយទទួលបាននូវស្នាដៃ និងគុណបំណាច់យ៉ាងធំធេងបំផុត ដែលបុព្វហេតុទាំងអស់នេះហើយធ្វើឲ្យយើងចងចាំជានិច្ចនៅក្នុងក្រអៅបេះដូងដែលមិនអាចបំភ្លេចបានឡើយ។

ស្ថិតក្នុងវេលាដ៏សែនសោកសង្រេង និងក្ដីខ្សឹកខ្សួលរំជួលចិត្តដ៏សែនក្រៀមក្រំនេះ ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ ខ្ញុំសូមសម្ដែងនូវសមានទុក្ខដ៏សែនក្ដុកក្ដួល សោកស្ដាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងជាទីបំផុត ជាមួយនឹងក្ដីសង្វេគរកទីបំផុតគ្មាន និងសូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី កែវ ភូថង និងក្រុមគ្រួសារទាំងអស់នៃសព ដែលបានបាត់បង់លោកឱពុក ឱពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់គឺឯកឧត្ដម សាយ ភូថង។

ជាទីបញ្ចប់នេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមឲ្យវិញ្ញាណក្ខន្ធ ឯកឧត្ដម សាយ ភូថង បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ៕

 


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh