ភ្នំពេញ : កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ដឹក នាំដោយព្រះរាជអាជ្ញារង ហោ លីណា កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ បាន ចូលទៅបង្រ្កាប ទីតាំងម៉ាស្សាកោសជប់ យីហោ ១៦៨ ស្ថិតនៅ ផ្ទះលេខ ១០៥សេ ផ្លូវ៤៣២ សង្កាត់ទួល ទំពូងទី២ ខណ្ឌចំការមន ។
នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ដែលដឹកនាំកម្លាំង នគរបាល សហការជាមួយកម្លាំងនគរមូលដ្ឋាន លោក ថន ផានិត បាននិយាយថា នៅក្នុងប្រតិបត្តិ ការនេះ សមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនថៅកែប្រុសម្នាក់ ឈ្មោះ ទ្រី តិច អាយុ ៤៥ឆ្នាំ និងនារី ម៉ាស្សា ចំនួន ៤ នាក់ ។
លោក ថន ផានិត បានឲ្យដឹងថា ទីតាំងផ្ទះល្វែងខាងលើ លួចបង្កប់ការរួមភេទ តាមរយ:ការបើកហាង ដាក់យីហោ កោសជប់នោះ ការិយាល័យជំនាញ ដឹកនាំដោយលោក កែវ ធា ជាប្រធានការិយាល័យ បានសុំគោលការណ៍ពីលោកស្នងការ និងស្នងការរងទទួលផែន ព្រមទាំងមានការ សម្របសម្រួល តាមផ្លូវច្បាប់ពីមន្រ្តីតុលាការផងនោះ ទើបកម្លាំងសមត្ថកិច្ចរបស់លោកបានបើកការស្រាវជ្រាវ ហើយ ឈានទៅដល់ការចុះបង្រ្កាបនៅថ្ងៃនេះតែម្តង ។
ថៅកែហាង ទ្រី តិច បាននិយាយថា គាត់បើកអាជីវកម្មខាងលើនេះ អស់រយ:ពេល៣-៤ឆ្នាំមកហើយ ដោយជួលផ្ទះគេក្នុងតម្លៃ ៥០០ដុល្លារ ក្នុង១ខែ ។ យ៉ាងណាក៏ដោយ នាយរងការិយាល័យ លោក ថន ផានិត បានបញ្ជាក់ថា នារីម៉ាស្សាទាំង ៤នាក់ នឹងធ្វើការអប់រំ រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានី ភ្នំពេញ រីឯថៅកែប្រុស នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។
ក្រោយចុះបង្រ្កាបទីតាំងម៉ាស្សាខាងលើនេះ កម្លាំងសមត្ថកិច្ច បានដកហូតស្រោមអនាម័យ ដែល ប្រើប្រាស់ រួច និងមិនទាន់ប្រើប្រាស់ជាច្រើនដុំ ។
សូមបញ្ជាក់ថា នៅពេលសមត្ថកិច្ចចុះទៅបង្រ្កាបនោះ ក៏មានភ្ញៀវចូលទៅម៉ាស្សា និងរួមភេទផងដែរ ប៉ុន្តែ បានគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូម៉ាក ស៊ីរ៉ូស ពណ៌លឿងលាយខ្មៅ ១គ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 1BT-4596 ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល