CamNews

ព័ត៌មានជាតិ 

ឃុំខ្លួនមេជាង​ ក្រឡឹង ពាក់ព័ន្ធអារក សម្លាប់និស្សិត វិទ្យាស្ថានជំនាន់ថ្មី

ភ្នំពេញ ៖ ជនសង្ស័យដែល ពាក់ព័ន្ធទៅ នឹងអំពើឃាតកម្មអារក សម្លាប់និស្សិតឆ្នាំទី៣ ម្នាក់នៅវិទ្យា ស្ថានខ្មែរជំនាន់ថ្មី ក្នុងទឹកដីខណ្ឌ ទួលគោកនោះ ត្រូវបានចៅក្រមសាលាដំបូង រាជធានីភ្នំពេញ សម្រេច​ធ្វើការឃុំខ្លួនក្រោយ ពីរកឃើញតាមរយៈភស្ដុតាង បានបញ្ជាក់ ថា បុរសមេជាងក្រឡឹង ពិតជាអ្នកសម្លាប់ជន រងគ្រោះប្រាកដមែន ។

មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បាន បញ្ជាក់ថា ជនដៃដល់រូបនេះ ត្រូវបានសមត្ថ កិច្ចបញ្ជូនទៅកាន់ ពន្ធនាគារ កាលពីល្ងាចថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០១៥ ក្រោយពីចៅក្រម សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា ឃុំខ្លួនជាផ្លូវការនោះ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌទួលគោកបានបញ្ជាក់ថា ជនជាប់ចោទ រូបនេះឈ្មោះ ហាក់ វុទ្ធី ហៅចំរើន ជាមេជាង ក្រឡឹង អាយុជាង២០ឆ្នាំ ពិតជាបានអារក សម្លាប់ជនរងគ្រោះនៅ ក្នុងបន្ទប់ទឹក ដែល ធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ ៩៦ ផ្លូវលេខ ២០២ ក្រុមទី១៨ ភូមិ៧សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

តាមមន្ដ្រីនគរបាលបញ្ជាក់ថា ជនរងគ្រោះ ដែលជាមិត្ដភក្ដិរបស់ជនដៃដល់ មានឈ្មោះ ណុប ប៊ុនធឿន អាយុ២២ឆ្នាំ បច្ចុប្បន្នជា និស្សិតឆ្នាំទី៣ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានស្រុកកំណើត នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្ដបាត់ដំបង ។

ចំពោះករណីឃាតកម្មមួយនេះ ពីដំបូង ឡើយគេគិតថា ជាអំពើអត្ដឃាតដោយជន រងគ្រោះបាន យកឡាម ទៅអារកខ្លួនឯងក្នុង បន្ទប់ទឹក រហូតដល់ស្លាប់ ប៉ុន្ដែធាតុពិតក្រោយ ពីកម្លាំងនគរបាល ជំនាញ ព្រហ្មទណ្ឌ នៃអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក  ដែលដឹកនាំ ដោយព្រះរាជអាជ្ញារង អមសាលា ដំបូងរាជ ធានីភ្នំពេញ លោកកែវ សុជាតិ ចុះទៅធ្វើការ ស្រាវជ្រាវនិងសួរនាំនៅ កន្លែងកើតហេតុ យ៉ាងយកចិត្ដទុក ដាក់នោះ ទើបសន្និដ្ឋានថា នេះ មិនមែនជាអំពើអត្ដឃាត នោះឡើយ ពោល គឺជារឿងឃាតកម្មសុទ្ធសាត ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវនិង ភស្ដុតាងនៅ កន្លែង កើតហេតុ ទីបំផុតមនុស្ស ចំនួន៥នាក់ ក្នុងនោះមានជនដៃដល់ជាមេជាង ក្រឡឹង ប្រពន្ធរបស់ខ្លួន កូនជាងក្រឡឹងនិង សាក្សីម្នាក់ទៀត ត្រូវបាននគរបាលហៅទៅ សួរនាំម្នាក់ម្ដងៗ ។

ក្រោយពីបញ្ចប់ការសួរ នាំយ៉ាងយកចិត្ដទុកដាក់និងតាមជំនាញរបស់ ខ្លួនរួចមក ទើបចុងក្រោយ ជនដៃដល់ជាមេ ជាងក្រឡឹង ឈ្មោះហាក់ វុទ្ធី ពិតជាមានការ ពាក់ព័ន្ធប្រាកដមែន និងជនធ្វើ សកម្មភាព យកឡាមអារកជនរង គ្រោះរហូត ដល់ស្លាប់ ក្នុងថ្លុកឈាមនៅបន្ទប់ទឹក ប៉ុន្ដែចាប់តាំងពី ពេលមានការឃាត់ខ្លួនរហូត តុលាការចេញ ដីកាឃុំខ្លួន និងសមត្ថកិច្ចនាំទៅកាន់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ នោះ ជនដៃដល់រូបនេះនៅមិនទាន់សារភាព ពីទោសកំហុស របស់ខ្លួនចេញពីបបូរមាត់នោះ ឡើយ ។

ចំពោះសំណុំរឿងឃាតកម្មមួយនេះ សមត្ថ កិច្ចនៅតែមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលនាំឱ្យជនដៃ ដល់អារកសម្លាប់ជនរងគ្រោះ នោះទេ ព្រោះតែមិនសារភាព ។

តាមមន្ដ្រីនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌ ទួលគោកបញ្ជាក់ថា ឆ្លងតាមការសួរនាំនៃ រឿងរ៉ាវទាំងនេះ គឺជនដៃដល់និងជនរងគ្រោះ ជាមិត្ដភក្ដិនិងគ្នាដោយស្នាក់នៅផ្ទះជាមួយគ្នា ពោលប្ដីប្រពន្ធទាំងពីរនាក់ ស្នាក់នៅបន្ទប់ មួយផ្សេង រីឯជនរងគ្រោះរួមជាមួយកូន ជាងក្រឡឹងពីរនាក់ទៀត ស្នាក់នៅបន្ទប់ ជាប់នោះ ។

មន្ដ្រីនគរបាលរូបនេះ បានលួចបង្ហើបថា អំពីឃាតកម្មខាងលើ អាចផ្ដើមចេញពីរឿង ស្នេហ៍ត្រីកោណក៏ថា បាន ពោលជនដៃដល់ អាចខឹងជនរងគ្រោះលួចមានទំនាក់ទំនងជា មួយប្រពន្ធរបស់ខ្លួន ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនរងគ្រោះ ត្រូវជនដៃដល់វាយសម្លាប់ជាមុន រួចហើយ អូសចូលបន្ទប់ទឹក រួចបានយកផ្លែឡាមទៅ អារកបណ្ដាលឱ្យរយះយ៉ាងធំ ទើបបន្ទាប់មក ជនដៃដល់បានបោះផ្លែឡាម ចូលទៅក្នុងបន្ទន់ ហើយក៏ត្រូវបានសមត្ថកិច្ចរកឃើញពេល ចុះទៅស្រាវជ្រាវនោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP