កោះកុង ៖ យុវជនម្នាក់ ត្រូវបាននគរបាល ការិល័យប្រឆាំង ការជួញ ដូរមនុស្ស និងការពារអនី តិជន នៃស្នងការដ្ឋាន នគរបាលខេត្ដ បានឃាត់ខ្លួន នៅវេលាម៉ោង ១៩និង១២នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅចំណុច ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។
មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គ្រីន វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មានទី លំនៅភូមិ ឃុំខាងលើ មានមុខរបរមិនពិត ប្រាកដបាននាំនារីពីរនាក់ទៅ ធ្វើការនៅប្រទេសថៃ ។
លោកវរសេនីយ៏ត្រី យឹម ផេង ស្នងការរង និងជាប្រធានការិយាល័យ កណ្ដាលប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យ បណ្ដឹងពីនារី ជាជនរងគ្រោះ ចំនួន២នាក់ បានមកដាក់ពាក្យបណ្ដឹង ដោយរងគ្រោះមានឈ្មោះ ឆាយ ស្រីទី ភេទស្រី អាយុ១៧ ឆ្នាំ មានទីលំនៅ ភូមិសំរោងជើង ឃុំសំរោង ស្រុកសូនិគម ខេត្ដសៀមរាប មានមុខរបរជាអ្នក សំអាងការ និងម្នាក់ទៀតឈ្មោះ សុខ ស្រីភស្ភ័ អាយុ ១៩ឆ្នាំ មានទីលំនៅភូមិនាទេស ឃុំឈើ ទាល ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង ។
លោកបានបន្ដថា ក្រោយពីទទួលបានពាក្យបណ្ដឹង ពីនារីរងគ្រោះហើយ លោកក៏ចាត់កំលាំង ចុះទៅ អនុវត្ដន៏ ដើម្បីធ្វើការឃាត់ខ្លួន ជនសង្ស័យបាន ភ្លាមៗដោយមិនឱ្យ ជនសង្ស័យរត់រួច ឡើយ។ ក្រោយពីធ្វើការ សាកសួរពីសមត្ថកិច្ចជំនាញ ជនសង្ស័យបានសារភាពថា ខ្លួនប្រព្រឹត្ដ នៅករណីខាងលើ ចំនួន៤ដងមកហើយ តែដល់ពេលលើកក្រោយនេះ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន បានតែម្ដង។
លោកបានបញ្ជាក់ថា ការបង្ក្រាបនូវរាល់បទល្មើសទាំងអស់ គឺធ្វើទៅតាមតួនាទីជាសមត្ថកិច្ចនិង មានការ ចង្អុលបង្ហាញ ពីអគ្គស្នងការនគរបាលជាតិ និងលោកស្នងការ ដើម្បីភូមិឃុំមាន សុវត្ថិភាព។
បច្ចុប្បន្នជនសង្ស័យកំពុង កសាងរឿង សំណុំបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់ ។
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល