CamNews

ព័ត៌មានជាតិ 

ស្រ្តីខ្មែរម្នាក់ទៀត ត្រូវ​សង្រ្គោះ​ចេញ​ពី​កណ្តាប់​ដៃ​បុរស​ជនជាតិ​ចិន

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមន៍ ជួយសង្គ្រោះស្រ្តីខ្មែររងគ្រោះម្នាក់ទៀតឈ្មោះ ហេង សំណាង ដែលត្រូវបានមេខ្យល់នាំ យកទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តហ៊្វូជាន ប្រទេសចិន ។

 តាមការប្រកាស របស់ក្រសួងការបរទេស បានឱ្យដឹងថា ស្រ្តីរងគ្រោះខាងលើ មានស្រុកកំណើតនៅភូមិស្វាយ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល ហើយស្ថានទូត នឹងបញ្ជូននារីរងគ្រោះ មកកម្ពុជាវិញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៥ ស្អែកនេះ តាមតាមជើងយន្តហោះ K6659 ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងសៀមរាប វេលាម៉ោង ១៥:០០ នាទី រសៀល។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអំពាវនាវ ដោយទទូចដល់ពលរដ្ឋខ្មែរ ពិសេសនារីខ្មែរ ដែលជាជនងាយរងគ្រោះ ត្រូវធ្វើការប្រុងប្រយ័ត្ន ចំពោះការឆបោក អូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលមាន គំនិតទុច្ចរិត ប៉ុនប៉ងនាំទៅធ្វើការ ដោយភូតកុហកថា នឹងទទួលបានប្រាក់ខែច្រើន ឬនាំទៅរៀបការ ជាមួយបុរសជនជាតិចិន នៅប្រទេសចិន ផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP