CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច ចាប់ខ្លួន ក្រុមចោរប្លន់ ទូមាស នៅផ្សារក្រវាញ បានម្នាក់ រួមនឹងវត្ថុតាង មួយចំនួន

ពោធិ៍សាត់ ៖ ក្រុមចោរប្លន់ទូមាសមួយក្រុម ដែលបានប្លន់វាយបំបែកទូមាស អាជីវករលក់ដូរ នៅស្រុកភ្នំក្រវាញ កាល ពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ ហើយបានយកគ្រឿងអលង្ការ ច្រកដាក់ការុង រួចជិះម៉ូតូ២គ្រឿង គេចខ្លួន ក្រោយធ្វើសកម្មភាពប្លន់នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល សហការណ៍ជាមួយ កម្លាំងនគរបាល ស្រុក/ក្រុង និងប៉ុស្តិ៍រដ្ឋបាល ធ្វើការចាប់ខ្លួនបានចំនួនម្នាក់ និងរឹបអូសបានវត្ថុតាង ជាក់ស្តែង រួមមាន អាវុធវែង ១ដើម អាវុធខ្លី១ដើម ម៉ូតូម៉ាកសេ១២៥ ចំនួន២គ្រឿង ពូថៅសម្រាប់វាយបំបែកទូមាស ចំនួន១, ចិញ្ចៀន ប្លាកទីន១៥វង់ ទូរស័ព្ទ៤គ្រឿង និងលុយខ្មែរចំនួន ១ម៉ឺនរៀល ។

បើតាមសមត្ថកិច្ច នគរបាលបានឲ្យដឹងថា ក្រុមចោរប្លន់ ដែលសមត្ថកិច្ចបង្រ្កាបនោះ មានឈ្មោះសុខ ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិពោធិ៍កន្សែង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ បើតាមសមត្ថកិច្ចដដែល បានឲ្យដឹង ទៀតថា ក្រៅពីសមត្ថកិច្ចចាប់ខ្លួន ក្រុមចោរប្លន់ប្រដាប់បានម្នាក់ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យពីរនាក់ ទៀតដែរ ដើម្បីយកមកធ្វើការសាកសួរ ។

គួររំលឹកថា ក្រោយសកម្មភាពក្រុមចោរប្លន់ បានធ្វើសកម្មភាពប្លន់ទូមាស នៅផ្សារ ស្រុកភ្នំក្រវាញ កាលពីរសៀលថ្ងៃ ទី២១ ខែមីនា កន្លងទៅ ហើយក្រុមចោរប្លន់បានរត់គេចខ្លួន មិនបានមួយថ្ងៃផង ក៏ត្រូវបានកម្លាំងនគរបាល ធ្វើការ ស្រាវជ្រាវចាប់ខ្លួនបាន នៅរសៀលថ្ងៃទី២២ ខែមីនា នេះតែម្តង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PorSat