CamNews

ព័ត៌មានជាតិ 

លោកព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល បានលាចាកលោក ដោយបន្សល់ទុកកេរ្តិ៍ ឈ្មោះដ៏ ល្បាញល្បី

ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យដ៏ល្បាញ ល្បីផ្នែកវប្បធម៌ខ្មែរ លោកឈន ទត ហៅ ពេជ្រ ទុំក្រវិល បានលាចាកលោកហើយ ក្នុងជន្មាយុ៧៤ឆ្នាំ កាលពីវេលាម៉ោង១១និង៣៣នាទីថ្ងៃសុក្រទី១៥ ខែឧសភា ឆ្នាំ២០១៥ ដោយរោគាពាធ នៅគេហដ្ឋាន របស់លោកព្រឹទ្ធាចារ្យ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ នេះបើយោងតាមការថ្លែងឱ្យ ដឹងពីកូនស្រីរបស់លោកព្រឹទ្ធាចារ្យនៅថ្ងៃនេះ ។

 ពិតមែនតែលោកព្រឹទ្ធាចារ្យបានលាចាកលោក ដោយគ្មានថ្ងៃវិលត្រឡប់មកវិញក្ដី ក៏ប៉ុន្ដែស្នាដៃដ៏ល្បីល្បាញរបស់ លោកផ្នែក សិល្បៈវប្បធម៌ បានបន្សល់យ៉ាងច្រើនទុកឱ្យកូនខ្មែរជំនាន់ ក្រោយ សម្រាប់សិក្សាស្រាវជ្រាវ និងថែរក្សាវប្បធម៌ដ៏មានតម្លៃ ដែលជាដួងព្រលឹងរបស់ជាតិខ្មែរ ។

លោកព្រឹទ្ធាចារ្យពេជ្រ ទុំក្រវិល បានចាប់ផ្ដើមជរាពាធ មានជំងឺប្រចាំកាយ អស់កាលមួយរយៈខ្លីចុងក្រោយ ហើយលោកព្រឹទ្ធាចារ្យ ត្រូវបានយកចិត្ដទុកដាក់ពីក្រុមគ្រួសារ វេជ្ជបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាល និងយុវជនជំនាន់ក្រោយ មើលថែរក្សានិងឧបត្ថម្ភថវិកា ។

លោកព្រឹទ្ធាចារ្យពេជ្រ ទុំ ក្រវិល បាន បន្សល់សៀវភៅជាច្រើន ដែលចងក្រងអំពី វប្បធម៌របស់ខ្មែរ ហើយដែលត្រូវបានគេ ប្រទះឃើញ នៅស្ទើរគ្រប់ទីកន្លែង រាប់ទាំងក្រៅប្រទេសផងដែរ ។

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP