ភ្នំពេញ៖ បុរសជាប់ចោទចំនួន ០២នាក់ កាលពីថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០១៥ ត្រូវបានចៅក្រម សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ និង កាត់ទោស ជាប់ពាក់ព័ន្ធនឹង ករណីចាប់គ្រៀកប្តីប្រពន្ធរងគ្រោះ ចំនួន០២នាក់និង ច្របាច់កជនរងគ្រោះ លូកហោប៉ៅយកលុយ អស់ចំនួន៧០ដុល្លារអាមេរិកាំង ប្រព្រឹត្តកាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ វេលាម៉ោង១០ និង ៣០នាទី យប់ នៅចំណុចផ្លូវ៧០ (ផ្លូវរថភ្លើង) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក អ៊ឹម វណ្ណៈ ប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំងពីរនាក់នេះ មាន ឈ្មោះ ឡុង សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ និស្សិតផ្នែកសំណង់ស៊ីវិល ឆ្នាំទី៣ នៃវិទ្យាស្ថានព្រះកុសមៈ និង ជាមនុស្សញៀនល្បែងស៊ីសង និង ឈ្មោះ ម្នាក់ទៀត មានឈ្មោះ ផូ ណាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខកម្មករសំណង់។
ជនជាប់ចោទទាំងពីរនាក់នេះ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ពី បទ«លួចមានស្ថានទម្ងន់ទោស» តាមមាត្រា៣៥៣ និង ៣៥៧ នៃ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯជនរងគ្រោះទាំងពីរនាក់ នៅក្នុងសំណុំរឿងក្តីនេះ មានឈ្មោះ ព្រុំ ចាន់ថា ត្រូវជាប្តី និង ប្រពន្ធរបស់គាត់មានឈ្មោះ ជាម សុម៉ាលី ។
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃសំណុំរឿងនេះ នៅថ្ងៃទី២៦ ខែមីនា ២០១៥
ខាងមុខនេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល