ភ្នំពេញ៖ ក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០១៤នេះ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួង ស្ថាប័ននានា រៀប ចំតាក់តែងសេចក្ដី ព្រាងច្បាប់ ចំនួន៥ ។
យោងទៅរបាយការណ៍ ស្ដីពីលទ្ធផលការងារខែវិច្ឆិកា និងទិសដៅការងារ សម្រាប់ខែធ្នូ ឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ចំនួន៥នោះ រួមមាន៖ សេចក្ដីព្រាងច្បាប់ ស្ដីពីអត្តសញ្ញាណពលរដ្ឋខ្មែរ , សេចក្ដីព្រាងច្បាប់ ស្ដីពីការសម្ងាត់របស់រដ្ឋ , សេចក្ដីព្រាងច្បាប់ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈ ,សេចក្ដីព្រាងច្បាប់ស្ដីពីនគរបាលជាតិ , សេចក្ដីព្រាងច្បាប់ស្ដីពី សមាគមនិងអង្គការ មិនមែនរដ្ឋាភិបាល ។
ក្រៅពីសេចក្ដីច្បាប់ចំនួន៥នេះ ក្រសួងបានចងក្រង នូវសេចក្ដីព្រាង ព្រះរាជ្យក្រឹត្យ និងអនុក្រឹក្យ មួយចំនួនទៀត ដូចជា៖ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពីរបបសោធន និវត្តន៍ និងសោធនបាត់បង់ សមត្ថភាពការងារ ចំពោះមន្ត្រីនគរបាលជាតិកម្ពុជា , សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងមហាផ្ទៃ , សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការជ្រើសរើស ការចាត់ចែង ការគ្រប់គ្រង និងការអនុវត្ត មុខងារជាជម្រើស ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងឯកសារក្របខណ្ឌ ផអ៣ សម្រាប់ដំណាក់កាលទី២ នៃកម្មវិធីជាតិ១០ឆ្នាំ , សេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការតម្លើងប្រាក់ឧបត្ថម្ភ ជូនសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ និងមន្ត្រី ភូមិ ។
ក្រៅពីលិខិតបទដ្ឋាន គតិយុត្តិខាងលើ ក្រសួងក៏បានរៀបចំ ដាក់ចេញឲ្យ អនុវត្តនូវប្រកាស សេចក្ដី សម្រេច និងសេចក្ដីណែនាំ ក៏ដូចជាបទបញ្ជាផ្សេងៗ ជាច្រើនទៀត ដែលពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ច របស់ក្រសួងផងដែរ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល