CamNews

ព័ត៌មានជាតិ 

បាត់កង់នៅសាលា ខ្លាចយាយស្តីឲ្យ ភូតសមត្ថកិច្ច ថាមានគេចាប់ មកជួញដូរផ្លូវភេទ ផ្អើលអស់សមត្ថកិច្ចនៅភ្នំពេញ

ក្មេងស្រី ត្រូវបានសមត្ថកិច្ច នាំទៅផ្ទះវិញ ក្រោយពីការ ស្រាវជ្រាវ រកឃើញការពិត

ភ្នំពេញ៖ រឿងរ៉ាវដែល ក្មេងស្រីម្នាក់ អាយុ១៣ឆ្នាំ បាននិយាយភូត សមត្ថកិច្ចថា ត្រូវគេចាប់ពី
ខេត្តតាកែវ នាំមកភ្នំពេញ ដើម្បីជួញដូរផ្លូវភេទ និងធ្វើឲ្យសមត្ថកិច្ច នៅការិយាល័យ ប្រឆាំងការ
ជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក
ស្នងការរង បែន រ័ត្ន បើកការស្រាវជ្រាវ ភ្លាមៗ ស្ទើតែភ្លេចបាយភ្លេចទឹក បានបង្ហាញការ ពិតហើយ
នោះ គឺជារឿងមិនពិតឡើយ ពោលការការ បង្កើតរឿង ប្រឌិតកើតឡើងតែម្តង ពីសំណាក់ ក្មេង
ស្រីរូបនេះ ដោយមូលហេតុ ពិតប្រាកដនោះ គឺក្មេងស្រីខាងលើនេះ ភ័យយាយស្តីឲ្យ និងខ្លាចយាយ
វាយដោយសារ តែបាត់កង់ ពេលទៅរៀន ក៏បែកគំនិតបង្កើត រឿងយ៉ាងដូច្នេះទៅ ។

ស្នងការរង នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងឲ្យដឹងថា តាមពិតរឿង
នេះ ជាការប្រឌិតឡើង ពីសំណាក់ក្មេងស្រី កែង ស្រីចិន អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ
ជា ស៊ីម តាកែវ មានស្រុកកំណើតនៅភូមិខ្នា សង្កាត់ដូនកែវ ក្រុងដូនកែវ ខេត្តតាកែវ នោះទេ ដែល
មូលហេតុពិតប្រាកដនោះ គឺផ្តើមចេញពីក្មេង ស្រីរូបនេះ បានបាត់កង់ របស់ខ្លួននៅឯសាលា ពេល
ទៅរៀន ហេតុដូច្នេះហើយ ដើម្បីកុំឲ្យលោកយាយដែល នៅផ្ទះ និងជាអាណាព្យាបាល បន្ទាប់ពីឪពុក
ម្តាយ ស្លាប់ចោលនោះ ខឹងសម្បារ និងវាយមកលើខ្លួន ក្មេងស្រីរូបនេះ ក៏បានប្រឌិត រឿងបែបនេះ តែ
ម្តងទៅ ។

លោក បែន រ័ត្ន បានបន្តថា មុនដំបូងនៅ ពេលទទួលព័ត៌មានខាងលើនេះថា ជាការជួញដូរផ្លូវភេទ រួច
មក លោកបានដឹកនាំកម្លាំង នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះ
ទៅធ្វើការស្រាវជ្រាវ ជាបន្ទាន់ ហើយក្រោយការស្រាវ យ៉ាងយកចិត្តទុក និងតាមរយៈ ការជជីកសួរ
ដេញដោល ទៅលើក្មេងស្រីរងគ្រោះ រួចមក ទើបដឹងថា មិនមានរឿងបែបនេះ កើតឡើងនោះឡើយ
ពោលជារឿងប្រឌិត តែប៉ុណ្ណោះ។

លោក កែវ ធា ប្រធានការិយាល័យ ប្រឆាំងការជួញ ដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាន
នគរបាល រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ក្រោយពីមានព័ត៌មាននេះកើតឡើង កម្លាំងសមត្ថកិច្ច
របស់លោក ដែលមានការបញ្ជា ពីលោកស្នងការ ជួន សុវណ្ណ និងស្នងការរង បែន រ័ត្ន បានចែកជាពីរ
ក្រុម ដើម្បីធ្វើការស្រាវជ្រាវ លើករណីនេះ ដោយមួយក្រុម ចុះទៅ ខេត្តតាកែវ ដើម្បីធ្វើការស្រាវជ្រាវ
និងមួយក្រុមទៀត ចុះទៅកន្លែងកើតហេតុ នៅខណ្ឌដង្កោ។

លោក កែវ ធា បានបញ្ជាក់ថា ក្រោយពីបានសួរនាំ និងសាកសួរសាក្សី ព្រមទាំងវត្ថុតាង រួចមកបាន
បង្ហាញថា រឿងនេះមានការ សង្ស័យច្រើន ។

ដូច្នេះហើយដើម្បីចង់បញ្ជាក់ឲ្យ ដឹងការពិត និងរឿងច្បាស់នោះ សមត្ថកិច្ចបានហៅ ក្មេងស្រីរូបនេះ
មកសួរនាំ ទើបក្មេងស្រីបាន សារភាពថា ពុំមានមនុស្សចាប់ខ្លួន ពីខេត្តតាកែវ មកភ្នំពេញ បម្រុងធ្វើ
ការ ជួញដូរ នោះឡើយ ពោលខ្លួនបានឡើង ជិះរថយន្ត ក្រោយពីបានបាត់កង់ នៅសាលា។ ក្មេងស្រី
រូបនេះ បានប្រាប់សមត្ថកិច្ចថា ក្រោយពី រថយន្ត បានធ្វើដំណើរ មកដល់ចំណុចកើតហេតុ នៅខណ្ឌ
ដង្កោ ខ្លួនបានសុំចុះ ហើយនៅពេលជួបប្រជាពលរដ្ឋ នៅតាមផ្លូវ បានប្រឌិតរឿងបែបនេះ នាំឲ្យមាន
ការផ្អើល ឆោឡោ តែម្តងទៅ។

បើតាមលោក កែវ ធា ក្រោយពីធ្វើការស្រាវជ្រាវ និងដឹងពីដំណើររឿង ពិតហើយនោះ សមត្ថកិច្ចរបស់
លោកដែលបានខិតខំ សឹងតែពុំបានហូបបាយ ហូបទឹក បានជូនក្មេងស្រីរូបនេះ ត្រឡប់ទៅផ្ទះ របស់
នាងវិញ ហើយធ្វើការ ពន្យល់ណែនាំ កុំឲ្យធ្វើរឿងបែបនេះ ម្តងទៀត។

ជាមួយគ្នានេះ លោក បែន រ័ត្ន បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា មិនត្រូវប្រឌិតរឿងផ្តេសផ្តាស
នោះឡើយ នាំឲ្យមានការ ផ្អើល និងចលាចល ប៉ះពាល់ដល់ សន្តិសុខសង្គម ។

សូមបញ្ជាក់ថា សមត្ថកិច្ចបានបើកការស្រាវជ្រាវ លើករណីនេះ បានកើតមានឡើង ក្រោយពេល
ដែលក្មេងស្រី ឈ្មោះ កែង ស្រីចិន   អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ជា ស៊ីម តាកែវ
មានស្រុកកំណើតនៅភូមិខ្នា សង្កាត់ដូនកែវ ក្រុង ដូនកែវ ខេត្តតាកែវ ប្រាប់សមត្ថកិច្ចថាត្រូវជនខិល
ខូចមិនស្គាល់អត្តសញ្ញាណចំនួន៤ នាក់ ចាប់រូបនាង ពីខេត្ត តាកែវ ដឹកឆ្ពោះមករាជធានីភ្នំពេញ ក្នុង
បំណង យកនាងមកជួញដូរ ហើយរឿងនេះធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង ២០
នាទីយប់ថ្ងៃទី២៤ ខែមករាឆ្នាំ ២០១៣ នៅចំណុច ផ្ទះគ្មាន ដំបូលមួយកន្លែងស្ថិតភូមិបាគូ  ក្នុងសង្កាត់
ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ