ភ្នំពេញ៖ ក្រុមក្មេង ទំនើង១ក្រុម មានគ្នីគ្នា ៤នាក់ មធ្យោបាយដោយម៉ូតូចំនួន២គ្រឿង ក្នុងនោះ១ គ្រឿង ម៉ាក ហុងដាស្កូពី ស៊េរីឆ្នាំ២០១៤ និង១គ្រឿងទៀតហុងដាឌ្រីម ស៊េរី០១៤ ដូចគ្នា ពណ៌ ខ្មៅ មិនស្គាល់ស្លាកលេខ បានជិះម៉ូតូរបស់ខ្លួន ដេញ កាប់មកលើយុវជន ២នាក់ បណ្តាលឲ្យ យុវជនម្នាក់ ជាសិស្សសាលាប៊ែលធី រៀននៅសាខាស្ទឹងមានជ័យ រងរបួសត្រង់ក្បាល ពីក្រោយ រយៈដេរជាច្រើនថ្នេរ នៅគ្លីនិកឯកជន ផ្សារថ្នល់បត់ រីឯយុវជនម្នាក់ទៀត ជាអ្នករួមដំណើរជាមួយ មិនរងរបួសអ្វីទេ ខណៈដែលយុវជនរងគ្រោះ២នាក់នេះ ជិះម៉ូតូចេញពីក្នុងបុរីចំការដូង ក្នុងគោល បំណងត្រឡប់ទៅវិញ នៅឯភូមិថ្មគោល ផ្លូវវេងស្រេង ក្រោយវត្តគោកបញ្ជាន់ ក្នុងសង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្រុមទំនើង៤នាក់ នោះវិញ ក្រោយបង្កហេតុ ក៏បានជិះម៉ូតូរបស់ខ្លួនគេចទៅជើង តាមផ្លូវ២១៧ សំដៅទៅស្ពានដែក បាត់ដោយសុវតិ្ថភាព។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលា ម៉ោង៥និ៤០នាទីល្ងាច ថ្ងៃទី២១ ខែម ករា ឆ្នាំ២០១៤ នៅចំណុចទល់មុខ បុរីចំការដូងផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជ ធានីភ្នំពេញ។ យុវជនរងគ្រោះមានឈ្មោះ សំ ដេវិដ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលា ប៊ែលធី សាខាស្ទឹងមានជ័យ (របួសក្បាលពីក្រោយ) និងយុវជនម្នាក់ទៀត មានឈ្មោះ ប៉ាន់ កញ្ញា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបររត់ម៉ូតូកង់បី។ យុវជនរងគ្រោះ ២នាក់ខាងលើ មានទីលំនៅភូមិ ថ្មគោល ផ្លូវវេងស្រេង ក្រោយ វត្តគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ ស្លាកលេខ កំពង់ឆ្នាំង1A-8202។
យុវជនឈ្មោះ ប៉ាន់ កញ្ញា បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មិត្តភក្តិរបស់ខ្លួន ជាអ្នករង គ្រោះឈ្មោះ សំ ដេវិដ បានឌុបគ្នា ថាមកយកកាបូប ពីមិត្តភក្តិរបស់គេ នៅក្នុងបុរីចំការដូងនេះ ដល់យកកាបូបហើយ ក៏នាំគ្នាជិះចេញពីបុរីចំការដូងនេះ វិញ ក្នុងគោលបំណងត្រឡប់ទៅ ផ្ទះវិញ។ ស្រាប់តែពួកខ្លួន ជិះម៉ូតូចេញផុតពីបុរីចំការដូងបានបន្តិច ក៏មានគេ ៤នាក់ ជិះម៉ូតូចំនួន ២គ្រឿងយ៉ាងលឿន ពេលនោះខ្លួនស្មានថាគេ ជិះម៉ូតូដេញគ្នាគេ ក៏ប៉ុន្តែឃើញម្នាក់ ពេលជិះមក ដល់ជិតខ្លួន គេទាញកាំបិត កាប់មកលើពួកខ្លួន តែអត់ត្រូវខ្លួនដែលជិះពីក្រោយ ព្រោះខ្លួនបានឱន ទាន់ ក៏ត្រូវឈ្មោះសំ ដេវិដ ក្បាលពីក្រោយ បណ្តាលឲ្យ រយៈ ហើយពេលនោះខ្លួនក៏ឌុប មក ប្រាប់សមត្ថកិច្ចនៅកែងផ្សារថ្នល់ ហើយសមត្ថកិច្ច គាត់ក៏ប្រាប់ ឲ្យចូលគ្លីនិកក្បែរនោះ។
ចំណែកយុវជនរងគ្រោះ ឈ្មោះសំ ដេវិដ បានប្រាប់ឲ្យដឹង នៅពេលកំពុងឲ្យពេទ្យដេររបួសក្បាល ថា ខ្លួនអត់បានស្គាល់ពួកគេ នោះទេ ហើយក៏មិនដែលឈ្លោះប្រកែក ជាមួយអ្នកណាដែរ ហើយ ករណីខ្លួនគិតថា ប្រហែលគេមានបំណងតាមប្លន់ម៉ូតូ របស់ខ្លួន។
ទោះបីជាយ៉ាងណា ក៏សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ពុំទាន់បានធ្វើការសនិ្នដ្ឋាន ថាជាករណីអ្វី នៅឡើយទេ ក្រោយពីទទួល ពាក្យបណ្តឹងមិនជាក់លាក់ពីជនរងគ្រោះ។ សមត្ថកិច្ចថា ការកើត មានរឿងហេតុ ប្រាកដជាភាគីទាំងពីរ អាចស្គាល់គ្នា ឬធ្លាប់ មានទំនាស់គ្នាពីមុនមក ហេតុដូច្នេះ ជនរងគ្រោះនៅមានភាពស្រពិចស្រពិល ធ្វើឲ្យសមត្ថកិច្ចយើង ពិបាកកំណត់មុខសញ្ញា៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល