ភ្នំពេញ៖ អ្នកស្រី កឹម សម្មាធីតា កូនស្រីម្នាក់ទៀតរបស់ លោក កឹម សុខា បានរិះគន់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា តែងគេចចេញទៅក្រៅប្រទេស មិនទទួលខុសត្រូវ នៅពេលដែលកើតមានបញ្ហា មកលើកូនចៅម្តងៗ ។
ការរិះគន់នេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook នាពេលថ្មីៗនេះ នាគ្រាដែល លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានចាកចេញពីកម្ពុជា ទៅប្រទេសបារាំង ហើយចាត់តាំងលោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិស្តីទី ក្រោយពីតុលាការបានចាប់ឃុំខ្លួន លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ ១០នាក់ផ្សេងទៀត នៅក្នុងពន្ធនាគារព្រៃស ក្រោមបទដឹកនាំ និងចូលរួមធ្វើកុបកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥។
អ្នកស្រី កឹម សម្មាធីតា បានសរសេរជាភាសាអង់គ្លេស នៅលើ Facebook ថា "ខ្ញុំមិនជឿថា វាជារឿងចៃដន្យទេ រាល់ពេលដែលសមាជិកគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន លោករៀបចំចាកចេញពីប្រទេសយ៉ាងងាយស្រួល។ ខ្ញុំក៏ដូចជា សមាជិកគណបក្សសង្គ្រោះជាតិដទៃទៀត បានដាក់ការទុកចិត្តនៅលើលោក…មេដឹកនាំ គឺមិនចាកចេញនៅពេលដែលមានបញ្ហា ហើយនិងត្រឡប់មកវិញ នៅពេលដែលបញ្ហានោះ ត្រូវបានបន្ធូរបន្ថយ ហើយធ្វើការអះអាងទាមទារយកស្នាដៃទេ"។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនង អ្នកស្រី កឹម សម្មាធិតា, កញ្ញា កឹម ម្នោវិទ្យា ជាបងស្រី និងមន្រ្តីគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ នៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយទូរស័ព្ទរបស់ពួកគាត់បានបិទ និងមិនមានអ្នកទទួល។
កាលពីពាក់កណ្តាលខែកក្កដាឆ្នាំមុន នាគ្រាដែលស្ថានភាព តំណាងរាស្រ្ត និងមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួន ដែលបានចេញទៅរំដោះ ទីលានប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួននោះ លោក សម រង្ស៊ី ក៏ស្ថិតនៅក្រៅប្រទេសដែរ ខណៈដែល លោក កឹម សុខា ក្លាយជាប្រធានបក្សស្តីទី។ ក្រោយមក លោក កឹម សុខា ក៏ធ្លាប់ត្រូវបានតុលាការ កោះហៅជាបន្តបន្ទាប់ ក្នុងនាមជាអ្នកទទួលខុសត្រូវទាំងមូលលើ គណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងក្រុមតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្រ្គោះជាតិ ជាមួយសមត្ថកិច្ច និងសន្តិសុខ ដែលតុលាការបានចោទពួកគេ ដឹកនាំ និងចូលរួមកុបកម្ម រហូតដល់សព្វថ្ងៃនេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល