ភ្នំពេញ ៖ ប្រភពព័ត៌មានពីមន្ដ្រីនគរ បាល ខណ្ឌមានជ័យ បានឱ្យដឹងថា នៅវេលា ម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីឃើញ បុរសម្នាក់ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួន ដែលជនរងគ្រោះគឺជា ក្រឡាបញ្ជីនៅសាលា ដំបូងខេត្ដកណ្ដាល ។
ការភ្ញាក់ផ្អើលបានកើតឡើងនៅផ្ទះជន រង គ្រោះ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមមន្ដ្រីនគរបាលរូបនេះ ជនរងគ្រោះ ឈ្មោះកែវ សុខា មានតួនាទីជាក្រឡាបញ្ជី នៅសាលាដំបូង ខេត្ដកណ្ដាល និងមានកូនស្រី ម្នាក់អាយុ៨ឆ្នាំ ។
ចំពោះមូលហេតុ ពិតប្រាកដ ដែលនាំឱ្យជនរងគ្រោះ ចងកសម្លាប់ខ្លួននោះ នៅមិនទាន់ដឹងនៅឡើយទេ ដោយបច្ចុប្បន្ន នគរបាលមូលដ្ឋាន និងនគរបាលផ្នែកបច្ចេកទេសរាជធានីភ្នំពេញ បានចុះទៅផ្ទះ ជនរងគ្រោះ ស្ថិតនៅខាងក្រោយរោងចក្របារីសេក។
បើតាមស្ដ្រីជាភរិយា បានប្រាប់សមត្ថកិច្ចថា ខ្លួនក៏មិនដឹងពីមូលហេតុពិតប្រាកដដែល ពីព្រោះក្នុង រយៈពេលចុងក្រោយនេះ ពួកគេ មិនដែលមានរឿងរកាំរកូស ក្នុងគ្រួសារឡើយ រីឯការងាររបស់ប្ដី ក៏ខ្លួនមិនសូវជាបានសួរនាំនោះទេ ។
ការស្លាប់របស់ជនរងគ្រោះ បានធ្វើឱ្យកុមារីអាយុ៨ឆ្នាំ នៅកំព្រាឪពុកនិងម្ដាយក្លាយជាស្ដ្រីមេម៉ាយ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល