CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនមេធាវី ក្លែងក្លាយម្នាក់ តាមដីកាតុលាការ ពីបទឆបោក

បាត់ដំបង៖ កម្លាំងនគរបាលអនុវត្តដីកា ខេត្តបាត់ដំបង បានចុះអនុវត្តដីកា បង្គាប់ឲ្យចាប់ខ្លួន លេខ១៨ ដចខ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ចេញដោយចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តបាត់ដំបង លោក គឹម ម៉េង ធ្វើការចាប់ខ្លួន មេធាវីក្លែងក្លាយម្នាក់ កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅមុខពន្ធនាគារប៉ៃលិន ពីបទឆបោក ដោយជនជាប់ចោទបានប្រព្រឹត្ត កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ នៅបាត់ដំបងកន្លងទៅ។

លោកអនុសេនីយ៍ឯក កង សុផាណា នាយផ្នែកអនុវត្តដីកា នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា យោងតាមដីកាបង្គាប់ ឲ្យចាប់ខ្លួនលេខ១៨ ដចខ ចុះថ្ងៃទី១០ខែមករាឆ្នាំ២០១២ ចេញដោយចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តបាត់ដំបង លោក គឹម ម៉េង បានជម្រះក្តីឲ្យជនជាប់ចោទ ឈ្មោះ លឹម ប៊ុនដន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិចម្ការចេក សង្កាត់ផ្ទះព្រៃ ក្រុងសំពៅមាស ខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារចំនួន ២ឆ្នាំ គិតថ្ងៃចាប់ឃុំខ្លួន ខណៈជនជាប់ចោទរត់គេចខ្លួនបាត់។

លោកអនុសេនីយ៍ឯក កង សុផាណា បើតាមសំណុំរឿងជនជាប់ចោទ បានបញ្ជាក់ថា ជននេះបានដើរតួខ្លួនជាមេធាវី ហើយបានជួបជនរងគ្រោះ ឈ្មោះ បាន ឈាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ នៅបាត់ដំបងកន្លងទៅ គាប់ជួនជនរងគ្រោះ មានរឿងក្តីនៅតុលាការផង ក៏បានពឹងពាក់ ឲ្យជួយការពារក្តី បន្ទាប់មកជនជាប់ចោទ បានឲ្យជនរងគ្រោះបងថ្លៃសេវាការពារក្តី ៨.០០០ដុល្លារ តែពេលនោះ ជនរងគ្រោះនិងជនជាប់ចោទ បានព្រមព្រៀងគ្នាបង់តែ ៤.៦០០ដុល្លាទេ ពេលបានលុយហើយ ជនជាប់ចោទបានគេចខ្លួនបាត់។ ខណៈនោះជនរងគ្រោះ ក៏បានស៊ើបសួរដើររកជនជាប់ចោទ និងពឹងពាក់ឲ្យជួយសួរ ទើបដឹងថា ជននេះមិនមានឈ្មោះ នៅក្នុងសមាជិកមេធាវី ហើយក៏មិនមែនជាមេធាវីទេ។ 
ក្រោយមកជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងនៅតុលាការ ឲ្យជួយចាប់ជននេះ ដើម្បីចាត់ការតាមច្បាប់។ លុះដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ជនជាប់ចោទត្រូវបានដល់ថ្ងៃ ចេញពីពន្ធនាគារខេត្តប៉ៃលិន (ជាប់គុកពីបទឆបោកដូចគ្នា) ហើយសមត្ថកិច្ចយើង បានចុះចាប់ខ្លួននាំយកមកបាត់ដំបងតែម្តង។

បច្ចុប្បន្នជនជាប់ចោទ ត្រូវសមត្ថកិច្ចជំនាញរៀបចំសំណុំរឿងបន្ថែម បញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែមករា នេះដើម្បីចាត់ការតាមច្បាប់រួចហើយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Batambong