រតនគិរី៖ ស្រ្តីជាម្តាយអាយុ២៦ឆ្នាំ រួមនិងកូនតូច២នាក់ ដែលអាយុទើប៣ឆ្នាំ និង១ខែនោះ បានសម្រេចបញ្ចប់ ជីវិតរបស់ខ្លួនពីក្នុងលោកាជាមួយថ្នាំពុល ដោយសារខឹងនឹងប្តីចេះតែដើរផឹកស្រា និង តែងតែរករឿងបង្កជម្លោះ ពេលត្រឡប់ចូលផ្ទះវិញ។ ស្វាមីប្រមឹក ពេលត្រឡប់ដល់ផ្ទះឃើញភរិយា និងកូនៗស្លាប់រដូករណែលលើខ្ទមកម្សត់ ក៏ទាញថ្នាំបំពុលផឹកសម្លាប់ខ្លួនតាម តែត្រូវបានជួយសង្រ្គោះទាន់ពេលវេលា។
ហេតុការណ៍ផឹកថ្នាំបំពុលបញ្ចប់ជីវិតទាំងម្តាយ និង កូនតូចៗនេះ ដ៏គួរឲ្យសង្វេគនេះ បានកើតឡើងនារសៀលថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្រ្តីកងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា ស្រ្តីដាច់ចិត្តធ្វើអត្តឃាតខ្លួនឯង និងសម្លាប់កូនៗមិនទាន់ដឹងក្តី នេះ មានឈ្មោះ រម៉ាស ធៀល អាយុ ២៦ ឆ្នាំ ជនជាតិច្រាយ, កូនប្រុសឈ្មោះ រម៉ាស ធេត ភេទ ប្រុស អាយុ ៣ ឆ្នាំ ជាកូនច្បង និង កូនស្រីអាយុ ១ខែ ឈ្មោះ រម៉ាស លាង។
មន្រ្តីដដែល បានឲ្យដឹងទៀតថា ក្រោយការពិនិត្យ និងធ្វើកោសល្យវិច័យ និង សន្និដ្ឋានរបស់មន្រ្តីជំនាញ បានរក ឃើញថា ការធ្វើអត្តឃាតនេះ គឺស្រ្តីជាម្តាយ បានយកខ្សែអង្រឹងរឹតកកូនប្រុសអាយុ ៣ឆ្នាំឲ្យស្លាប់ បន្ទាប់មកយក ថ្នាំបញ្ច្រកកូនស្រីអាយុ ១ខែឲ្យស្លាប់ ទើបយកថ្នាំបំពុលមកផឹកខ្លួនឯង បញ្ចប់ជីវិតតាមក្រោយ។
បើតាមមន្រ្តីកងរាជអាវុធហត្ថដដែលនេះ បានឲ្យផងដែរ បុរសជាស្វាមី ក្រោយពេលត្រឡប់ពីផឹកស្រវឹងមកឃើញ ភរិយា និងកូនតូចៗដេកស្លាប់រដូករណែល ដោយមានថ្នាំពុល និងខ្សែអង្រឹងក្បែរខ្លួនផងនោះ ក៏កើតក្តីនឹកស្រ ណោះភរិយា និងកូនៗ ហើយក៏ទាញថ្នាំពុលមកផឹក ដើម្បីបញ្ចប់ជីវិតផងដែរ។ ការលេបថ្នាំប៉ងបញ្ចប់ជីវិតរបស់ ស្វាមីប្រមឹករូបនេះ មិនបានសម្រេចដូចបំណងនោះទេ ពោលត្រូវបានប្រជាពលរដ្ឋបញ្ជូនឲ្យក្រុមគ្រូពេទ្យជួយ សង្រ្គោះទាន់ពេល។
ក្រោយការធ្វើកោសល្យវិច័យ សពស្រ្តីជាម្តាយ និងកូនៗ ដែលមិនទាន់ដឹងក្តីផងនោះ ត្រូវបានសមត្ថកិច្ចប្រគល់ ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល