ភ្នំពេញ ៖ ក្មេងស្រីអាយុទើបតែ៧ខែបាន ដាច់ខ្យល់ស្លាប់ បើទោះបីជាក្រុមគ្រួសារខិតខំ ខ្នះខ្នែង ជួយដឹកបញ្ជូនទៅ សង្គ្រោះភ្លាមៗនៅ មន្ទីរពេទ្យគន្ធបុបា្ផយ៉ាងណាក៏ដោយនោះ បន្ទាប់ពីស្ដ្រីម្នាក់ ត្រូវជាអ៊ុំបង្កើតបានយកត្រី អណ្ដាតឆ្កែទៅ កាន់បន្លាចក្មួយស្រី ក្នុងន័យ ប្រឡែងលេង ប៉ុន្ដែសំណាង អាក្រក់ត្រីរើ បម្រះចេញពីដៃចូលទៅក្នុងមាត់ក្មេងស្រីតូច ស្លាក់ស្លាប់តែម្ដង ។
ករណីដែលនឹកស្មានមិនដល់កើតឡើង លើគ្រួសារដែលមានជីវភាពខ្សត់ខ្សោយមួយ នេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅលំនៅ ឋានជនរងគ្រោះតាមមាត់ទន្លេ ក្នុងភូមិព្រែក តារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយ ចង្វា ។
អធិការនគរបាលខណ្ឌជ្រោយចង្វារ លោក ទៀម សុត្ថាវុធ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ ស្ដ្រីជាអ៊ុំ បង្កើតត្រូវបានសមត្ថកិច្ច របស់លោក ធ្វើការ ឃាត់ខ្លួនជាបណ្ដោះអាសន្ន ហើយតាមបញ្ជា របស់ព្រះរាជអាជ្ញា គឺត្រូវបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ បន្ដការសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានក្មេង ស្រីរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតដ៏ គួរឱ្យសង្វេគនោះ មានឈ្មោះយ៉ា កាន់ ដែល មានឪពុកឈ្មោះផន រ៉ាយ៉ា អាយុ២៧ឆ្នាំ និង ម្ដាយឈ្មោះជា កែវ អាយុ២២ឆ្នាំ រស់នៅ ភូមិសង្កាត់កើតហេតុខាងលើ ។ ដោយឡែក ស្ដ្រីអ៊ុំបង្កើតឈ្មោះជា សុភាព អាយុ៣៥ឆ្នាំ។
តាមមន្ដ្រីនគរបាលបញ្ជាក់ថា មុនពេល កើតហេតុ មានក្មេងស្រីម្នាក់អាយុជាង១ឆ្នាំ បានកាន់ត្រីអណ្ដាត ឆ្កែលេង ភ្លាមៗនោះ ស្រាប់តែអ៊ុំស្រីបានឆក់ត្រីអណ្ដាតឆ្កែនោះមក កាន់បន្លាចក្មួយស្រីរបស់ខ្លួន ដោយជន្លលេង ជាប់នឹងមាត់ ស្រាប់តែត្រីបានរបូតចេញពីដៃ ចូលទៅក្នុងមាត់ ។ ភ្លាមៗនោះ បងប្អូននិង សាច់ញាតិជាច្រើននាក់បាននាំគ្នាចាប់ទាញ ត្រីពីមាត់ក្មេងស្រីរងគ្រោះ ដើម្បីធ្វើការ សង្គ្រោះបឋម ប៉ុន្ដែយកមិនចេញក៏នាំគ្នាបញ្ជូន ទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរនោះ ។
ទោះបីខំបញ្ជូនទៅសង្គ្រោះ ប៉ុន្ដែវាយឺត ពេលទៅហើយ រួចក៏បន្ដបញ្ជូនទៅមន្ទីរពេទ្យ សម្ដេចឪ បន្ដឆ្ពោះទៅមន្ទីរពេទ្យគន្ធបុបា្ផតែ អកុសលក្មេងស្រីបានដាច់ខ្យល់ស្លាប់បាត់ទៅ ហើយ ។
បើតាមសមត្ថកិច្ចដដែល ក្រោយកើត ហេតុនោះ ក៏មានការសម្របសម្រួលគ្នាផង ដែរ ដោយភាគីឪពុក ម្ដាយក្មេងស្រីរងគ្រោះ ទាមទារសំណង ២០០០ដុល្លារដើម្បីបញ្ចប់ រឿង ប៉ុន្ដែសម្រាប់ស្ដ្រីសង្ស័យ ដែលនៅជាប់ បណ្ដឹងអាជ្ញានោះ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស តាមនីតិវិធី ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល