អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរបរទេស
ពុំសូវចាប់អារម្មណ៍នឹង ការទស្សនាប្រាសាទបេងមាលាឡើយ។ ផ្លូវធ្វើដំណើរដ៏លំបាក ជាកត្តា
ធ្វើឱ្យប្រាសាទ ដ៏វ័យចំណាស់នេះ ស្ថិតឆ្ងាយដ៏សែនឆ្ងាយ ពីភ្ញៀវទេសចរ ប៉ុន្តែពេលនេះ បញ្ហាផ្លូវ
ថ្នល់លែងចោទ ជាបញ្ហាទៀតហើយ ប្រព័ន្ធគមនាគមន៍ ត្រូវបានតភ្ជាប់យ៉ាងល្អស្អាត ទៅដល់ប្រា
សាទតែម្តង ហើយចំនួនភ្ញៀវទេសចរ កើនឡើងជាលំដាប់។
ទៅទស្សនាប្រាសាទ បេងមាលា យើងគ្រាន់តែចំណាយ ពេលមួយម៉ោង លើកំណាត់ផ្លូវជាង៥០
គីឡូម៉ែត្រ ដោយចេញដំណើរ ពីក្រុងសៀមរាប ដល់ផ្សារដំដែក ហើយបត់ឆ្វេងនឹងបានឃើញ
ស្លាកសញ្ញាបង្ហាញផ្លូវ ឆ្ពោះទៅកាន់ប្រាសាទបេងមាលា។ ចំពោះអ្នកដែលទៅដល់ទីនោះដំបូង
នឹងឃើញនៅតាមប្រាង្គប្រាសាទនានា គេបានឃើញដុំថ្មនៃ កំពូលប្រាសាទ ជាពំនូកៗនៃការរលំ
បាក់បែកទាំងនោះ អាចបណ្តាលមកពីភាព ចំណាស់នៃប្រាសាទបុរាណមួយនេះ ។
លោក ស៊ឹង គង់ អគ្គនាយករងអាជ្ញាធរអប្សរា បានឱ្យដឹងថា អ្វីដែលយើងមាន មោទកភាពគឺទោះបី
ប្រាសាទនេះទ្រុឌទ្រោមក្តី ក៏យើងប្រឹងថែរក្សា វាកុំឱ្យខូចខាតបន្តទៀត ហើយប៉ុន្មាន ឆ្នាំចុងក្រោយ
នេះចំនួនភ្ញៀវទេសចរពិសេស ភ្ញៀវទេសចរបរទេស ចាប់អារម្មណ៍ចង់មកទស្សនាប្រាសាទបេងមា
លា នេះច្រើនជាងមុន គឺក្នុងមួយថ្ងៃអាចមាន ភ្ញៀវទេសចរបរទេស ចូលមកទស្សនាប្រាសាទបេងមា
លា រហូតដល់មួយពាន់នាក់ ក៏មានដែរ។ ទាំងនេះអាចបណ្តាលមកពីមានផ្លូវល្អ មានផ្សព្វផ្សាយល្អ
ទើបចំនួនភ្ញៀវទេសចរកើនឡើង។ លោកក៏សំណូមពរឱ្យទេសចរមកទស្សនាទីនេះ ឱ្យបានច្រើន
ព្រោះបញ្ហាផ្លូវលំបាក លែងចោទជាបញ្ហាទៀតហើយ និងម៉្យាងទៀត ភ្ញៀវទេសចរដែល មកទស្សនា
ប្រាសាទ បេងមាលាហើយ អាចបន្តដំណើរទៅមុខបន្តិចនឹងបានទស្សនា ប្រាសាទកោះកេរ្តិ៍ និងប្រា
សាទផ្សេងៗទៀត ដោយងាយស្រួល ឬមួយក៏ភ្ញៀវទេសចរ អាចបន្តដំណើរទៅទស្សនា ធនធាន
ធម្មជាតិនានា នៅតំបន់ជុំវិញ ហើយក៏ អាចបន្តដំណើរទៅទស្សនា ប្រាសាទព្រះវិហារ ទៀតក៏បាន។
តាមសៀវភៅអារ្យធម៌ខ្មែរ របស់សាស្ត្រាចារ្យ ត្រឹង ងា បានឱ្យដឹងថា មុននឹងកសាងប្រាសាទអង្គរវត្ត
ប្រកបដោយប្លង់ដ៏ល្អវិចិត្រ ស្ថាបត្យករខ្មែរ បានសាកល្បងសាងប្រាសាទបេងមាលា ដែលមានប្លង់ដូច
អង្គរវត្តដែរ ក៏ប៉ុន្តែប្រាសាទបេងមាលានេះ សង់នៅលើដីរាបស្មើ។ ប្រាសាទបេងមាលា មានទីតាំង
ស្ថិតនៅ ភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខាងជើងភ្នំគូលែន ខាងកើត ក្រុងសៀមរាប។
ប្រាសាទនេះមានលក្ខណៈ ស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើង ដោយព្រះបាទ
សូរ្យវរ្ម័នទី២នាចុងសតវត្សរ៍ទី១១ និងដើមទសវត្សរ៍ទី១២ លើផ្ទៃដីទំហំ១៤ហិកតារដើម្បីឧទ្ទិសថ្វាយ
ដល់ព្រះអាទិទេព ក្នុងព្រហ្មញសាសនានិកាយវិស្ណុនិយម។
ប្រាសាទបេងមាលា មានគូទឹកដ៏ធំមានប្រវែង១.២០០ម៉ែត្រគុណ នឹង ៩០០ ម៉ែត្រ ។ ដោយហេតុថា
ទ្រង់ទ្រាយ ប្រាសាទនេះប្រហាក់ ប្រហែលប្រាសាទអង្គរវត្តនោះ ដូច្នេះរាល់វត្ថុបំណង និងស្ថាបត្យ
កម្មក៏ ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទបេងមាលា មានមុខបែរទៅទិសខាងកើត ស្ថិតនៅត្រង់ផ្លូវ
បំបែកទៅកាន់រាជធានី កោះកេរ្តិ៍ និងព្រះខ័នកំពង់ស្វាយ ស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀម
ដែលមានទ្រង់ទ្រាយ ប្រហាក់ប្រហែលប្រាសាទអង្គរវត្ត ហើយធ្វើឲ្យបុរាណវិទូមួយចំនួនយល់ថា
ប្រាសាទបេងមាលាជា ប្លង់មេ ឬថា បុព្វបុរសខ្មែរចាប់ កសាងប្រាសាទនេះសិនមុននឹង ឈានទៅ
កសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដោយមើលតាមគំរូដើម។ អ្វីដែល ស្ថាបត្យករខ្មែរ ជំនាន់នោះ
ធ្វើដោយខានមិនបាន គឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់ គ្រឹះប្រា
សាទកុំឱ្យបាក់ស្រុតក៏ដូចជាការយកទឹកសម្រាប់ប្រើ ប្រាស់ផង។ ទន្ទឹមនោះកសិណ ទឹកមួយៗបាន
ក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋាន ព្រះអាទិទេពក្នុងព្រហ្មញសាសនា ។
គួររំលឹកថា កាលពីប៉ុន្មានឆ្នាំមុន ការធ្វើដំណើរទៅ ទស្សនាប្រាសាទបេងមាលា ជួបការលំបាកយ៉ាង
ខ្លាំង ផ្លូវពិបាកធ្វើដំណើរណាស់ ហើយនៅរដូវវស្សាគេ មិនអាចធ្វើដំណើរតាមរថយន្តបានទេ គឺត្រូវ
ធ្វើដំណើរតាមម៉ូតូ ទើបទៅដល់គោលដៅ ប៉ុន្តែពេលនេះបញ្ហាទាំងនោះវា បានកន្លងផុតអស់ហើយ ដោយជំនួសមកនូវការអភិវឌ្ឍថ្មីមកវិញ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល