CamNews

ព័ត៌មានជាតិ 

ហេតុអ្វីជនជាប់ចោទ ចាំបាច់ត្រូវមានសាក្សី ក្នុងរឿងក្ដីព្រហ្មទណ្ឌ?

សាក្សីគឺជាបុគ្គលដ៏សំខាន់ ក្នុងការផ្តល់សក្ខកម្មអំឡុងពេលសវនាការ ដើម្បីឲ្យចៅក្រមអាចសម្រេចបានថា ជនជាប់ចោទមានទោស ឬក៏គ្មានទោស។ នៅក្នុងជំនុំជម្រះក្តីខ្លះ ជនជាប់ចោទ ឬពិរុទ្ធជន ចាំបាច់ត្រូវមានសាក្សី ហើយចៅក្រម ចាំបាច់ត្រូវឲ្យសាក្សីស្បថជាមុនសិន មុននឹងចូលខ្លួនផ្តល់សក្ខីកម្មអំឡុងសវនាការ ។
លោក​មេធាវី សួន វីរៈបញ្ញាមកពី​ក្រុមហ៊ុន​មេធាវី​ខ្មែរ​អប្សរា​ មានប្រសាសន៍អំឡុងបទសម្ភាសន៍មួយថា៖” នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ សាក្សី​គឺជាបុគ្គល ដែល​ជួយ​បញ្ជាក់​បំភ្លឺ​អំពី​អង្គហេតុ​ ដែល​ពួកគេ​បាន​ឃើញ​បាន​ឮ ឬ​បាន​ដឹង​ផ្ទាល់​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៃ​បទល្មើស ​ទៅ​កាន់​ចៅក្រម និង​អង្គ​សវនាការ។  ឧទាហរណ៍ សាក្សី​អាច​ជា​មន្រី្ត​នគរបាល​យុត្តិធម៌ ​ដែល​បាន​ចាប់​ជនសង្ស័យ ឬ​អ្នក​ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ​ក្នុង​ពេល​បទល្មើស​កើត​ឡើង។

ក្នុង​ដំណើរការ​សវនាការ​នៃ​សំណុំ​រឿង​ព្រហ្មទណ្ឌ សាក្សី​មាន​តួនាទី​ក្នុង​ការ​ឆ្លើយតប​សំណួរ​របស់​មេធាវី និង​ប្រាប់​ចៅក្រម​អំពី​អង្គហេតុ​ ដែល​ពួកគេ​បាន​ដឹង​ផ្ទាល់​តែ​ប៉ុណ្ណោះ។ សាក្សី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ផ្តល់​មតិយោបល់ ឬ​ធ្វើការ​សន្និដ្ឋាន​អំពី​អ្វី​ ដែល​បាន​កើតឡើង​ឡើយ។


សាក្សី​ពិតជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​ជន​ជាប់ចោទ​ប្រសិន​ជា​ចម្លើយ​របស់​សាក្សី​នោះ​ជា​ចម្លើយ​ដោះ​បន្ទុក​ឲ្យ​ជន​ជាប់ចោទ។ (ឧទាហរណ៍ៈ​សាក្សី​ដែល​បាន​ឃើញ​ជនជាប់ចោទ​មិន​ស្ថិត​នៅ​កន្លែង​កើតហេតុ​ក្នុង​អំឡុង​ពេល​បទល្មើស​កើតឡើង​ជាដើម) តែ​មិនមែន​សាក្សី​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ជន​ជាប់ចោទ​នោះ​ទេ ត្រង់ចំណុចនេះមានន័យថា ​សាក្សី​ខ្លះក៏អាច​ផ្តល់​សក្ខីកម្ម​ដាក់​បន្ទុក ​ទៅ​លើ​ជន​ជាប់ចោទ​ផង​ដែរ។

សាក្សី​មិន​អាច​បដិសេធ​នូវ​ការ​ធ្វើ​សម្បថ​ ដែលតម្រូវដោយចៅក្រមបាន​ទេ។ យោង​តាម​មាត្រា ១៥៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មុន​នឹង​ឆ្លើយ​ទៅ​នឹង​សំណួរក្នុងអង្គសវនាការ សាក្សី​ត្រូវ​ធ្វើការ​ស្បថ​ស្រប​តាម​សាសនា ឬ​ជំនឿ​របស់​ខ្លួន​ថា ​ខ្លួន​និយាយ​តែ​ការពិត។ ការ​តម្រូវ​ឲ្យ​សាក្សី​ធ្វើ​សម្បថ​នេះ ​គឺ​ក្នុង​គោលបំណង​គាប​សង្កត់​តម្រង់​ផ្លូវ​ចិត្ត និង​ស្មារតី​របស់​សាក្សី​ឲ្យ​និយាយ​តែ​អ្វី ​ដែល​ពួកគេ​បាន​ដឹង​ពិតប្រាកដ ​ព្រោះ​សក្ខីកម្ម​របស់​សាក្សី​នេះ មានសារ​សំខាន់​ណាស់ ​ក្នុង​ការ​ឈាន​ទៅ​ស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត​ក្នុង​រឿង​ក្តី។

យោង​តាម​មាត្រា ៣១៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​សាក្សី​ត្រូវ​តែ​ចូល​បង្ហាញ​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ ។ ក្នុង​ករណី​ ដែល​សាក្សី​មិន​ព្រម​ចូល​មក​បង្ហាញ​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នោះ​ តុលាការ​អាច​ប្រើ​កងកម្លាំង​សាធារណៈ​ដើម្បី​បង្ខំ​សាក្សី​ឲ្យ​ចូល​មក​បង្ហាញ​ខ្លួន។

នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា ៥៣៨ ក៏​បាន​ចែង​ពី​ការ​ផ្តន្ទាទោស​ទៅ​លើ​រាល់​បុគ្គល​ណា ​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ឆ្លើយ​ជា​សាក្សី​នៅ​មុខ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ​ហើយ​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ ​ដោយ​គ្មាន​មូលហេតុ​សមស្រប ដោយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ខែ​ទៅ ៦ ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១ សែន​ទៅ ២ លាន​រៀល ៕

អត្ថបទ៖ សារ៉ាត


Tags: Local news Social news