កណ្តាល ៖ សមត្ថកិច្ចនគរបាល ខេត្តកណ្តាល បានរាយការណ៍ឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះថា មានករណីផឹក ស្រាត្រាំគ្រាប់ស្លែងពុល ស្លាប់៣នាក់ ខណៈជួយ២នាក់ទៀត កំពុងជួយសង្គ្រោះ ដែលករណី ពុលស្រានេះ កើតឡើងនៅល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៥ម្សិលមិញនេះ ក្នុងវត្តស៊ីធរ ភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់រួមមាន៖ ១.ឈ្មោះ ជួន អឿន ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិគន្ធា ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (សន្លប់)។
២.ឈ្មោះ យ៉ិន អូន ភេទប្រុសអាយុ៦០ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ នៅភូមិផ្លូវរលួស ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង (ស្លាប់)។ ៣.ឈ្មោះ រួន ភេទប្រុសអាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិ ឃុំមិនស្គាល់ ស្រុកបាភ្នំ ខេត្តព្រៃវែង (សន្លប់)។ ៤.ឈ្មោះ ម៉ី លាង ភេទប្រុសអាយុ៦២ឆ្នាំ ជនជាតិខ្មែរ នៅភូមិទួលទ្រា ឃុំ រំចេច ស្រុកព្រះស្តេច ខេត្តព្រៃវែង(ស្លាប់) និង ៥.ឈ្មោះ ជា ផាន ភេទប្រុសអាយុ៥៧ឆ្នាំ ជនជាតិខ្មែរនៅភូមិ ព្រៃបាស្រី ឃុំជយ័កំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង(ស្លាប់) ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ប្រជាជនមកធ្វើបុណ្យផ្កា នៅវត្តជាច្រើននាក់ ក្នងនោះមានមកពីខេត្តព្រៃវែង ហើយនាំគ្នាស្នាក់ នៅក្នុងវត្តស៊ីធរ០១យប់ ។ លុះដលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង០៦៖៥៥នាទី ជនរងគ្រោះ បាននាំគ្នាហូបស្រា ត្រាំគ្រាប់ស្លែង (ថ្នាំប្រើប្រាស់ផ្ទាល់ខ្លួន) របស់លោកព្រះនាម សេក ញ៉ាញ់ ព្រះជុន្ម ៦៩ វស្សាគង់នៅវត្តស៊ីធរ បណ្តាលឲ្យពុលស្លាប់០៣នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ បង្អែកស្រុកពារំាង ខេត្តព្រៃវែង ហើយដោយសារស្ថានភាពពុលខ្លាំងពេក ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ភ្នំពេញ ដើម្បីជួយសង្គ្រោះបន្ទាន់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល