ភ្នំពេញ ៖ លោកសយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បានដាក់ ពាក្យស្នើ សុំពន្យារ ពេល សវនាការទៅតុលាការកំពូល ពាក់ព័ន្ធទៅនឹង សំណុំរឿងព្រហ្មទណ្ឌ ដែលប្ដឹង ដោយលោកទូច គង្គា កាលពី ឆ្នាំ២០១៣ ។
លិខិតស្នើសុំពន្យារពេលសវនាការនេះ ត្រូវបានលោកសយ សុភាព យកទៅដាក់ នៅតុលាការកំពូល ហើយត្រូវបានតុលាការ កំពូលទទួល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ តុលាការ កំពូលបានចេញដីកា កោះឱ្យ លោកសយ សុភាព ចូលសវនាការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ ដោយដីកា កោះត្រូវបាន មន្ដ្រីនគរបាលយកមកប្រគល់ឱ្យនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ ដែលមានរយៈពេលតែ ៨ថ្ងៃប៉ុណ្ណោះ នឹងដល់ថ្ងៃសវនាការ ។
ដោយយោងលើដីកាកោះនិងបញ្ជូនមក ដល់មានរយៈពេលខ្លី រួមទាំងកន្លងមក លោក សយ សុភាព មិនបានដាក់សារណាតប និងបណ្ដឹងសារទុក្ខ ដោយហេតុថា លោកចៅក្រមរបាយការណ៍ មិនបាន ចេញដីកាបង្គាប់ឱ្យដាក់សារណាតប នឹងបណ្ដឹងសារទុក្ខនោះ និយាយរួម នៅក្នុងដំណើរការ នីតិវិធី នៅតុលាការកំពូល គឺលោកពុំដែលបានទទួលឯកសារ ឬព័ត៌មានអ្វីទាំងអស់ពីតុលាការ ។ ដូចនេះ ដោយយោងថា លោកមានអាស័យដ្ឋានត្រឹម ត្រូវ ទាំងផ្សាយជាសាធារណៈផងដែរនោះ ហើយមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល កំពុងតែដំណើរការជាធម្មតា និងម្យ៉ាង ដីកាកោះឱ្យចូលសវនាការ មានរយៈ ពេលខ្លី ពេក ជាហេតុធ្វើឱ្យលោកគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួននិងរកពឹងពាក់មេធាវី ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់មិនទាន់ ទើបលោកសម្រេចដាក់ពាក្យស្នើសុំ ពន្យារ ពេលសវនាការ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល