ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥នេះ បានដឹកនាំមន្ត្រី ក្រោមឱវាទ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព របស់លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា និងជាអតីតកីឡាករ ឆ្នើមនាទសវត្សរ៍ ទី៦០-៧០។
ការទៅចូលរួមបុណ្យសពលោក ហែម ថុន របស់លោករដ្ឋមន្ត្រីនោះ ក៏មានការអមដំណើរដោយថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទរបស់ អគ្គនាយក ដ្ឋានកីឡាផងដែរ ដើម្បីបង្ហាញនូវកាយវិការ យកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ចំពោះអតីតកីឡាករ ឆ្នើមរបស់កម្ពុជា។ ក្នុងឱកាសនោះ លោក ហង់ ជួនណារ៉ុន ក៏បាននាំយកថវិកាចំនួន ២លានរៀល ដើម្បីចូលរួមចែករំលែកទុក្ខ ដ៏ក្រៀម ក្រំជាមួយក្រុមគ្រួសារនៃសពផងដែរ។
សូមបញ្ជាក់ថា លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធ កីឡាហែលទឹកកម្ពុជា និងជាអតីតកីឡាករ ឆ្នើមនាទសវត្សរ៍ទី៦០-៧០ បានទទួល មរណភាពដោយរោគាពាធ ក្នុងវ័យ៧២ឆ្នាំ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នាគេហដ្ឋានសព នាភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
ផ្ដល់សិទ្ធដោយ ៖ ដើមអម្ពិល