បាត់ដំបង៖សេចក្តីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ សមត្ថកិច្ចនគរបាល តាមបញ្ជារបស់ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង លោក នួន សាន ចាក់សោរពីខាងក្រៅផ្ទះ របស់ស្ត្រី ដែលស្រវឹងស្រា ជិះរថយន្ត Audi Q7 បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយជេរប្រមាថ សមត្ថកិច្ចហើយ ដើម្បីកុំឲ្យ មានអ្នករំដោះ យករថយន្តនោះចេញ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះរបស់ស្ត្រីដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងជេរប្រមាថសមត្ថកិច្ច បានយករថយន្ត មកទុកក្នុងលំនៅស្ថាន ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បន្ទាប់ពីបង្កហេតុនៅយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ហើយគេចខ្លួនពុំព្រមចូលខ្លួនដោះស្រាយ។ ម្ចាស់ផ្ទះដែលសមត្ថកិច្ចចាក់សោរនេះ មានឈ្មោះ សូ ដាម៉ុន ភេទស្រី អាយុ៤១ឆ្នាំ។
សមត្ថកិច្ចបាននិយាយរៀបរាប់ថា ដំបូងគេឃើញមានរថយន្ត មួយគ្រឿងម៉ាក Audi Q7 ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AG-7576 បានបើកបរយ៉ាងលឿនដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៧B ដោយ មានសភាពរេពេញផ្លូវ។ លុះទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានរេចង្កូត ទៅបុកអ្នកជិះកង់ម្នាក់ ដែល កំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី សង្គ្រោះបន្ទាន់។ ដោយឡែករថយន្តបង្កហេតុ បានព្យាយាមបើករត់គេចចេញ ពីចំណុចកើតហេតុ តែត្រូវកម្លាំងសមត្ថកិច្ច មូលដ្ឋានតាមប្រមាញ់ និងឃាត់បានភ្លាមៗតែម្តង។ ស្ត្រីដែលជើងខ្លាំងជេរ ប្រមាថសមត្ថកិច្ចបានអះអាងថា ខ្លួនមានឈ្មោះ សូ ដាម៉ុន ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នគេបានឃើញ រថយន្តបង្កហេតុ ម៉ាក Audi Q7 នោះ ចតនៅក្នុងផ្ទះមួយកន្លែង ក្នុងស្រុកសំពៅលូន ដោយចាក់សោរបងផ្ទះចោល។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងឲ្យដឹងថា យោងតាមច្បាប់ មាត្រា៧៧ ស្រ្តីដែលស្រវឹងយ៉ាងខ្លាំង ហើយបើកឡាន ជេរប្រមាថនគរបាលនេះ មានទោសពី១ខែ ដល់ ៦ខែ នឹងពិន័យប្រាក់ពី ៨សែនរៀល ដល់ ៤លានរៀល, ដោយមិនគិតលើបទជេរប្រមាថ និងរារាំងសមត្ថកិច្ចនោះទេ។
តាមព័ត៌មានពីកន្លែងស្លាកលេខរថយន្ត បានឲ្យដឹងថារថយន្ត Audi Q7 ពណ៌សសេរីទំនើប ស្លាកលេខ 2AG-7576 ជាកម្មសិទ្ធ របស់ «គ្រឹះស្ថានហិរញ្ញវត្ថុមួយ ដែលមានទីតាំង នៅខណ្ឌចំការមន រាជធានីភ្នំពេញ»៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល