CamNews

ព័ត៌មានជាតិ 

អតីតនិស្សិត South East Asia សារភាពថា ពិតជាបានគំរាម សម្លាប់ សម្តេច ស ខេង ប៉ុន្តែធ្វើលេងទេ

សៀមរាប៖ ឧត្តមសេនីយ៍ទោ ស៊ត ឌីណា ស្នងការនគរបាល ខេត្តសៀមរាប បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកញ្ញានេះថា ពាក់ព័ន្ធនឹងករណីនិស្សិតគំរាមសម្លាប់សម្តេចក្រឡាហោម ស ខេង នៅលើ Facebook នោះ គឺអតីតនិស្សិតនៅសាកលវិទ្យាល័យ South East Asia រូបនោះពិតជាបានសារភាពថា ខ្លួនពិតជាបាន Comment គំរាមដូច្នេះមែន ប៉ុន្តែក្នុងលក្ខណៈលេងសើចតែប៉ុណ្ណោះ។

លោកស្នងការនគរបាលខេត្តសៀមរាបរូបនោះ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៩ ខែកញ្ញានេះ ជនសង្ស័យដែលគំរាមសម្លាប់ ថ្នាក់ដឹកនាំប្រទេស នឹងត្រូវបញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ហើយជននោះមានឈ្មោះ តៅ សារឿន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

និស្សិតនៅខេត្តសៀមរាបមួយរូប សុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល យ៉ាងដូច្នេះថា ពាក់ព័ន្ធនឹងរឿងរ៉ាវ ឈានដល់គំរាមសម្លាប់នាយករដ្ឋមន្រ្តីស្តីទី សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺអាចកើតឡើង បន្ទាប់ពីបានទទួលដំណឹងថា ការចែកសញ្ញាបត្រ ក្រោម អធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី ស ខេង ត្រូវបានពន្យារពេល ដោយសារអាកាសធាតុមិនអំណោយ ផល។

និស្សិតដែលសុំមិនបញ្ចេញឈ្មោះរូប នោះបានរៀបរាប់បន្តទៀតថា ដំបូងឡើយនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ខាងសាលាបានផ្តល់ដំណឹងថា ការចែកសញ្ញាបត្ររបស់ឧបនាយករដ្ឋមន្រ្តី ស ខេង នៅថ្ងៃទី ២៨ ខែកញ្ញា នឹងត្រូវពន្យារពេល ដោយសារអាកាសធាតុមិនអំណោយផល មិនអាចធើ្វដំណើរតាម យន្តហោះបាន។ ប៉ុន្តែលុះដល់យប់ថ្ងៃទី២៦ ថ្ងៃដដែល ខាងសាលាក៏បានទទួលដំណឹងឡើងវិញថា សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតីចែកសញ្ញាបត្រឡើងវិញ (ចែកសញ្ញាបត្រថ្ងៃទី២៨ ខែកញ្ញា)។

នៅក្នុងអំឡុងពេញមួយថ្ងៃទី២៦នោះ ដោយសារការទទួលព័ត៌មានពីការពន្យារពេលពីសម្តេច ស ខេង បានធ្វើឲ្យអតីតនិស្សិត South East Asia និងជាអ្នកទទួលជ័យលាភី ទទួលសញ្ញាបត្រ (តៅ សារឿន) រូបនោះខឹងសម្បា និងមានកំហឹងយ៉ាងខ្លាំង ហើយបាន Comment គំរាមបោកគ្រាប់បែកសម្លាប់សម្តេច ស ខេង តែម្តង ដោយបានសរសេរថា «ចាំសម្តេចមកដល់ នាំគ្នាដាក់គ្រាប់បែកឲ្យងាប់ទាំងអស់គ្នាតែម្តង»។

ប៉ុន្តែទោះបីជាយ៉ាងណា ការចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ South East Asia បានប្រព្រឹត្តទៅធម្មតា គ្មានបញ្ហាអ្វីនោះទេ។

សូមជម្រាបថា លោកវរសេនីយ៍ទោ ផឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋានខេត្តសៀមរាបនេះ បានឲ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅម៉ោង១២ ថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីទទួលព័ត៌មានពីសាលា អំពីការគំរាម Comment នឹងសម្លាប់នេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Siem Reap