CamNews

ព័ត៌មានជាតិ 

ឆេះផ្ទះជនជាតិព្នង សម្លាប់ ៧នាក់ របួសធ្ងន់ម្នាក់

មណ្ឌលគិរីៈ ផ្ទះជនជាតិព្នងសង់ពីឈើផ្ទាល់ដីមួយខ្នង ត្រូវបានអគ្គិភ័យឆេះកាលពីវេលាម៉ោង
២ និង១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣នេះ បណ្តាលឲ្យម្ចាស់ផ្ទះ
៧នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់។

ឧប្បត្តិហេតុគ្រោះអគ្គិភ័យទ្រង់ទ្រាយតូច តែសម្លាប់មនុស្សអស់ច្រើននេះ បានកើតនៅក្នុងភូមិ
ពូត្រុំ៣ (ដំរីជាន់) សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយក្នុងនោះផ្ទះមួយខ្នង
ធ្វើពីឈើប្រក់ស័ង្កសី ជាប្រភេទផ្ទះ ទៀមចាំចំការ ត្រូវភ្លើងឆាបឆេះគ្មានសល់ ដោយឆេះសម្លាប់
អ្នកនៅក្នុងផ្ទះអស់ ៧នាក់ និងម្នាក់រងរបួសធ្ងន់  ហើយម្នាក់ទៀត បានរត់គេចខ្លួនទាន់ មិនមាន
រងរបួសនោះទេ។

ពាក់ព័ន្ធទៅនិងករណីភ្លើងឆេះខាងលើនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ
នោះទេ តែបើ យោងតាមកូនប្រុសរបស់ម្ចាស់ផ្ទះ អាយុជាង ២០ឆ្នាំ ដែលរួចជីវិតពីការឆាបឆេះ
នេះ បានប្រាប់អ្នកកាសែតនៅ កន្លែងកើតហេតុឲ្យដឹងថា កាលពីក្បាលព្រលប់ ក្រុមគ្រួសាររបស់
ខ្លួន បានមានកម្មវិធីផឹកស្រាជុំគ្នានៅក្នុងផ្ទះ រហូតដល់យប់ជ្រៅ ក៏នាំគ្នាលង់លក់ក្នុងដំណេកអស់
ទៅ។ ចំណែកខ្លួនបានទៅចងមុងដេកនៅខាងក្រៅផ្ទះ ស្រាប់តែម៉ោងជាង២ ខ្លួនក៏ភ្ញាក់ដឹងខ្លួន
ឡើង ស្រាប់តែឃើញអណ្តាត់ភ្លើងឆេះសន្ធោសន្ធៅ ហើយខ្លួនក៏មិនមាន លទ្ធភាពពន្លត់ភ្លើងដែរ
ព្រោះគ្មានទឹក ហើយយប់ងងិតសូន្យសុងទៀត។ ក្នុងនោះភ្លើងបានឆាបឆេះតាមអំណាចរបស់វា
រហូតដល់រលត់ឯងៗ ដោយមិនមាននរណាជួយ ពន្លត់នោះទេ ព្រោះជាផ្ទះចាំចំការនៅឆ្ងាយដាច់
ពីគេឯង។

នៅព្រឹកព្រលឹមថ្ងៃទី០៧ ខែមីនា នេះ បន្ទាប់ពីដឹងហេតុការណ៍ សមត្ថកិច្ច និងប្រជាពលរដ្ឋបានទៅ
ដល់កន្លែង កើតហេតុ បានរកឃើញយុវជនជាកូនប្រុសម្ចាស់ផ្ទះរួចជីវិត និងម្តាយរបស់គេរងរបួស
ធ្ងន់ ហើយត្រូវបានបញ្ជូន ទៅសង្រ្គោះភ្លាមៗផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកស្លាប់ទាំង៧នាក់ខាងលើនេះ រួមមានបុរសជា
ម្ចាស់ផ្ទះ ត្រូវជា ឪពុកម្នាក់ និងកូនប្រុស-ស្រី ៦នាក់ ហើយមូលហេតុពិតប្រាកដ ដែលបណ្តាល
ឲ្យឆេះនេះ គេនៅមិនទាន់ដឹង ច្បាស់លាស់នោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ