(សៀមរាប)៖ តារាសម្ដែងហូលីវូត និងជាអ្នកដឹកនាំរឿងលោកស្រី អេនជែលលីណា ចូលី (Angelina Jolie) បានបើកសម្ពោធជាលើកដំបូងនូវខ្សែភាពយន្ដ ស្ដីពី របបខ្មែរក្រហមនៅឯប្រាសាទអង្គរវត្តនៅថ្ងៃសៅរ៍ម្សិលមិញ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ។
ថ្លែងសុន្ទរកថាដ៏ខ្លីមួយ Angelina Jolie បានបញ្ជាក់ថា ខ្សែភាពយន្ដមានចំណងជើងថា «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» មិនមែនផ្ដោតសំខាន់ទៅ លើភាពភ័យខ្លាចនៃសង្រ្គាមនោះទេ ក៏ប៉ុន្តែគឺដើម្បីបង្ហាញពីភាពអត់ធ្មត់ សម្បុរសធម៌ និងទេពកោសល្យរបស់ប្រជាជនខ្មែរ។ លោកស្រី Jolie បន្ថែមថា «ខ្ញុំមិនអាចរកពាក្យមកពន្យល់ថា វាមានន័យអ្វីសម្រាប់ខ្ញុំឡើយ ដូចជាការជឿជាក់ ការរៀបរាប់ពីប្រវត្តិ ក៏ដូចជាប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា។ កម្ពុជាបាន ផ្លាស់ប្ដូរជីវិតខ្ញុំ ហើយបើគ្មានកម្ពុជា ខ្ញុំក៏មិនអាចក្លាយជាម្ដាយម្នាក់ដែរ»។ នេះបើតាមសម្ដីតារាដ៏ល្បីរបស់ហូលីវូត Jolie ចង់បញ្ជាក់ពីកូនប្រុសចិញ្ចឹមឈ្មោះ Maddox មានអាយុ១៥ឆ្នាំ ដែលបានបង្ហាញខ្លួននៅលើវេទិកាជាមួយនាង។
នៅមុនកម្មវិធីចាក់បញ្ចំាង Angelina Jolie បាននិយាយថា ខែ្សភាពយន្ដ «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» ដែលនាងជាអ្នកដឹកនាំរឿងដោយផ្ទាល់ នឹងជួយឱ្យពិភពលោកស្វែងយល់ពីអី្វដែលបានកើតឡើងនៅកម្ពុជា ក្រោមរបបខ្មែរក្រហម។ បន្ថែមពីលើនេះនៅអំឡុងធ្វើសន្និសិទសារព័ត៌មាន នៅក្នុងខេត្តសៀមរាប តារាសម្ដែងស្រីហូលីវូតរូបនេះ ក៏បានអះអាងដែរថា នាងពិតជាមានមោទនភាពណាស់ចំពោះខ្សែភាពយន្ដនេះ ហើយវាជារឿងដ៏អស្ចារ្យបំផុត។
នៅពេលអ្នកសារព័ត៌មានសួរថា តើនាងមានគំរោងដឹកនាំខ្សែភាពយន្ដផ្សេងទៀត នៅក្នុងប្រទេសកម្ពុជាដែរឬទេ? លោកស្រី Angelina Jolie ឆ្លើយថា នាងកំពុងគិតគូរឿងនេះ ជាមួយដៃគូកម្ពុជារបស់ខ្លួនគឺលោក ប៉ាន់ រិទ្ធី (Rithy Panh)។ ខ្សែភាពយន្ដ «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» ត្រូវបានផលិតឡើង ដោយមានការចូលរួមពីសំណាក់ក្រុមអ្នកបច្ចេកទេស សិល្បៈករកម្ពុជា ក៏ដូចជាតួអង្គជាប្រជាជនធម្មតារួមជាក្រុមការងារដ៏ធំមួយ ដល់ទៅជាង៣៥០០នាក់។ លោកស្រី Angelina Jolie បានលើកឡើងថា កម្ពុជាគឺជាប្រទេសកំណើតទី២របស់នាង។
ខ្សែភាពយន្ដ «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» បានចាប់ផ្ដើមថតនៅក្នុងប្រទេសកម្ពុជា នៅចន្លោះពីខែវិចិ្ឆកា ឆ្នាំ២០១៥ ដល់ខែកុម្ភៈ ឆ្នាំ២០១៦ ហើយត្រូវបានថតទំាងស្រុងជាភាសាខ្មែរ ដោយមានការចូលរួមសម្ដែង ពីសិល្បៈករ ខ្មែរជាច្រើននាក់។ ដោយឡែករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿ សកុណា ក៏បានថ្លែងសុន្ទរកថាសម្ពោធរឿងនោះដែរ ដោយលោកស្រីបានពិព៌ណនាថា ខ្សែភាពយន្ដនេះគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រកម្ពុជា។ «បើទោះវាជាអតីតកាលដ៏ឈឺចាប់ ប៉ុន្តែវាក៏ជាមេរៀនមួយផងដែរ សម្រាប់យើងទាំងអស់គ្នាត្រូវរៀនសូត្រ ដើម្បីការពារសន្តិសុខ និងស្ថេរភាព មិនអាចកាត់ ថ្លៃបាននៃប្រទេសកម្ពុជា ដែលបានចាប់ផ្ដើមពីបាតដៃទទេ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ»។
បើតាមនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលរក្សាទុកឯកសារស្ដីពីប្រវត្តិសាស្ត្រខ្មែរក្រហម លោក ឆាំង យុ ថ្លែងបា្រប់សារព័ត៌មានក្យូដូជប៉ុនថា មានផលិតកម្ម អន្តរជាតិធំៗចំនួនបី ដែលបានថតខ្សែភាពយន្ដស្ដីពីរបបខ្មែរក្រហម ចាប់តាំងពីរបបនេះបានដួលរលំនៅក្នុងឆ្នាំ១៩៧៩ ជាមួយនឹងប្រជាជនកម្ពុជាយ៉ាង ហោចណាស់១,៧ បានបាត់បង់ជីវិត។ ផលិតកម្មអន្តរជាតិទំាងបីរួមមានខ្សែភាពយន្ដ «វាលពិឃាដ» «នរកប្រាំបួនជាន់» និង «ដំបូងពួកខ្មែរក្រហមសម្លាប់ ឪពុករបស់ខ្ញុំ»។
លោក ឆាំង យុ បានលើកឡើងដូច្នេះថា៖ «រាល់ខ្សែភាពយន្ដទាំងនេះ បានចូលរួមចំណែកក្នុងការគាំទ្រកិច្ចសន្ទនា ឬការពិភាក្សារវាង ក្មេងជំនាន់ក្រោយ និងមនុស្សចាស់ ដែលពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា...យើងត្រូវតែរក្សាការធ្វើបែបនេះ និងស្វែងរកការពិត»។
សូមជំរាបថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្ដម សីហមុនី និងព្រះរាជមាតា រួមទំាងមន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល មន្ត្រីទូត និងអ្នកចូលរួមសរុប ជាង១៥០០នាក់ បានយាងជាព្រះរាជអធិបតីភាព និងចូលរួមនៅក្នុងពិធីចាក់បញ្ចំាងខ្សែភាពយន្ដនេះ ដែលនឹងត្រូវចាក់បញ្ចំាងនៅតាម បណ្តាខេត្តមួយចំនួន បណ្ដាប្រទេសដ៏ទៃទៀត នៅទូទាំងពិភពលោក។
ការបញ្ចាំងភាពយន្តរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»៖ លើកទី១ នៅខេត្តសៀមរាប ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី១៨-១៩ ខែកុម្ភៈនេះ។ លើកទី២ មានពីរទីតាំងដែរ ក្នុងនោះទីតាំងទី១ គឺនៅ Indoor Arena និងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់មហាជន និងតារាសម្ដែងខ្មែរក្នុងរឿងនេះ ដែលត្រូវបាននាង Angelina Jolie អញ្ជើញដោយផ្ទាល់។ ការដាក់បញ្ចាំងលើកទី៣ គឺនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង