ភ្នំពេញ៖ ដោយសារតែអំណាចស្រា បានធ្វើឲ្យមន្រ្តីយោធា បើករថយន្តរបស់ខ្លួន ទៅបុកចូលភូមិគ្រឹះមួយកន្លែង ជិតវិមានឯករាជ្យ កាលពី វេលាម៉ោង៥និង១០នាទី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កម៉ាក Luxus RX350 ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 2AD-8482 ដែលធ្វើដំណើរមកពី ស្ពានអាកាស ក្បាលថ្នល់ លុះបើកមកដល់ជិតរង្វង់មូល វិមានឯករាជ្យ បុរសជាមន្ត្រីយោធា ដែលស្រវឹងនោះទប់ខ្លួនលែងជាប់ បានបើករថយន្តបុកទ្វារ ទម្លុះចូលក្នុងផ្ទះប្រជាពលរដ្ឋ មួយកន្លែងដែលនៅជិតរង្វង់ មូលវិមានឯករាជ្យនោះ បណ្តាលឲ្យបាក់ទ្វារដែករបងភូមិគ្រឹះ និងខូចខាត រថយន្តសេរីទំនើប២គ្រឿង ដែល១គ្រឿងម៉ាក Luxus LS450L ស្លាកលេខ ភ្នំពេញ 2AQ-7778 បែកកញ្ចក់ខាងឆ្វេង និងកូតថ្នាំខាងក្រោយខ្ទេច និង១គ្រឿងទៀតម៉ាក Peugeot ពណ៌ខៀវ ស្លាកលេខរដ្ឋ 09-2-0050 រងការខូចខាតផ្នែកខាងមុខ។
នគរបាលមូលដ្ឋានបានបន្តថា បន្ទាប់ពីបើកបុកទ្វាររបងភូមិគ្រឹះគេហើយ មន្ត្រីយោធានោះមិនបានឈប់ នៅដោះស្រាយទេ គឺព្យាយាយបើករថយន្តគេច មកតាមផ្លូវ២៨២ បានចំងាយប្រមាណជាង១គឺឡូម៉ែត្រទើបកម្លាំងនគរបាល ជិះដេញចាប់បាន និងនាំយកអ្នកបើកបរ រួមទាំងរថយន្តមកទុក នៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការសងសំណងទៅខាងម្ចាស់ខូចខាត។
តែបើតាមសំដីកូនស្រី របស់ម្ចាស់ផ្ទះ និងជាម្ចាស់រថយន្ត Luxes ដែលខូចខាតនោះ បានឲ្យដឹងថា បើសិនជនបង្កបុកហើយ នៅដោះស្រាយជាមួយគ្រួសាររបស់នាង កុំបើករត់ ទំនងជាយោគយល់ឲ្យធ្វើរថយន្ត សងទៅបាន ហើយ តែនេះបុកហើយបើករត់ នាងនឹងឲ្យជនបង្ករនោះសងរថយន្តថ្មី។
កូនស្រីរូប នោះប្រាប់ទៀតថា រថយន្តរបស់នាងដែលខូចខាតនេះ គឺនៅក្នុងស្រុកខ្មែរទើបមានអ្នកកុម្មង់យកមកជិះ ប៉ុន្មាននាក់ប៉ុណ្ណោះ មានមិនច្រើនទេ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល