CamNews

ព័ត៌មានជាតិ 

លោក ស ថាវី ប្រាប់សមត្ថកិច្ច ឲ្យវាយខ្នោះ អ្នកយកឈ្មោះ លោក និងក្រុមគ្រួសារ ទៅរកស៊ីឈើល្មើសច្បាប់

ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ក្រើនរំលឹកដាស់តឿនឲ្យមន្ត្រីរដ្ឋបាលព្រៃឈើខិតខំ យកចិត្តទុកដាក់ក្នុងការ បង្រ្កាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់។ លោក ស ថាវី ក៏បានប្រាប់មន្រ្តីពាក់ព័ន្ធទាំង អស់វាយខ្នោះជនខិលខូច ដែលយកឈ្មោះរបស់លោក និងក្រុមគ្រួសារទៅរកស៊ីល្មើសច្បាប់ ជាពិសេសបទល្មើស ព្រៃឈើ។

ការថ្លែងជំរុញដល់មន្រ្តីពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់នេះ បានធ្វើឡើងនៅ  ក្នុងឱកាសលោកអភិបាល អញ្ជើញចូលរួមប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ នៅព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៥នេះ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្នការដឹកជញ្ជូនឈើខុសច្បាប់ហាក់កំពុងកើតឡើងយ៉ាងគគ្រឹក គគ្រេងទាំងយប់ទាំងថ្ងៃ ដោយប្រើរូបភាពដឹកតាមគោយន្តកែច្នៃ ហើយឈើទាំងនេះភាគច្រើនដឹកចេញពីព្រៃសហ គមន៍នានា ក្នុងខេត្ត ពិសេសព្រៃសង្ឃសហគមន៍។

លោក ស ថាវី បានសម្តែងការព្រួយបារម្ភថា បើសិនមិនមានវិធានការបង្រ្កាបទេនោះ ព្រៃឈើនៅតាមព្រៃសហគម ន៍នានា ច្បាស់ជារលាយហិនហោចមិនខាន។ លោកអភិបាលខេត្ត បានហៅសកម្មភាពបទល្មើសព្រៃឈើនេះថា  ដើរបញ្ច្រាសការខិតខំរបស់អជ្ញាធរខេត្ត ដែលបានខិតខំដាំដើមឈើឡើងវិញជុំវិញខេត្ត ដែលសរុបដាំបានប្រមាណ ១.៥០០ដើម ហើយឈើទាំងនោះភាគច្រើនជាឈើប្រណិតទៀតផង។

លោកអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះ «ស្នាក់ការមេព្រៃមានច្រើនកន្លែងនៅតាមដងផ្លូវ ចុះហេតុអ្វីបានជា ឈ្មួញដឹកឈើបាន តើឈើទាំងនោះវាមានច្បាប់ឫទេ? ។ ដល់ស្នាក់ការមេព្រៃច្រើនកន្លែងពេកទៅស្រាប់តែសមត្ថ កិច្ចនៅស្រុកស្រីស្នំខេត្តសៀមរាប ចាប់ឈើបានចេញពីខេត្តឧត្តរមានជយ័ទៅវិញ ដែលបញ្ហានេះនាយខណ្ឌរដ្ឋបា លព្រៃឈើខេត្តត្រូវពិនិត្យមើលផង»។

លោក ស ថាវី បានថ្លែងថា រូបលោក និងមន្រ្តីនៅតាមក្នុងខេត្ត តែងតែរងការរិះគន់ពីបណ្តាញព័ត៌មាននានា ពាក់  ព័ន្ធបទល្មើសព្រៃឈើនេះ ខណៈរូបលោកមិនបានដឹងរឿងនោះទេ។

លោកអភិបាលខេត្ត បានសំណូមពរដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បើមានអ្នកណាម្នាក់អះអាងថា ជាបងប្អូនរបស់  លោក ជាបងប្អូនប្រពន្ធរបស់លោក ហើយរកស៊ីបទល្មើស សូមឲ្យសមត្ថកិច្ចវាយខ្នោះជាបន្ទាន់។ លោក ស ថាវី  អះអាងថា «ខ្ញុំមកកាន់ជាអភិបាលខេត្តឧត្តរមានជ័យ ខ្ញុំគ្មានបងប្អូនណាមកជាមួយនោះទេ»។

តែទោះជាយ៉ាងណា លោក ស ថាវី បានធ្វើការកោតសរសើរដល់មន្ត្រីរដ្ឋបាលព្រៃឈើ ដែលមួយរយៈកាលកន្លង មក បានធ្វើការបង្រ្កាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់បានជាហូរហែរ និងត្រូវខិតខំបន្ថែមទៀត ដើម្បីបង្ក្រាប បទល្មើសព្រៃឈើនេះ ឲ្យមានប្រសិទ្ធិភាពតាមគោលការប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News CambodiaUdormeanchey