CamNews

ព័ត៌មានជាតិ 

អគ្គិភ័យ ឆេះ ផ្ទះប្រជា ពលរដ្ឋ ក្បែរ ប៉ុស្ដិ៍នគរបាល ជ្រោយចង្វារ បានរលត់ហើយ

ភ្នំពេញ  ៖ ក្រោយពីបញ្ចេញ ប្រតិបត្ដិការ ជួយបាញ់ពន្លត់ របស់សមត្ថកិច្ច ពន្លត់អគ្គិភ័យ នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុនោះ រហូតមកដល់វេលា ម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ អគ្គិភ័យដែលឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្បែរទីស្នាក់ការ ប៉ុស្ដិ៍នគរបាលនោះ បានរលត់ហើយ ។

មន្ដ្រីនគរបាលពន្លត់អគ្គិភ័យបានឱ្យដឹង ថា ម្ចាស់ផ្ទះឈ្មោះកូប តឹកសាអ៊ី អាយុ៣២ ឆ្នាំ ជាខ្មែរឥស្លាម មុខរបរលក់ សាច់គោ ហើយគាត់បានចាក់សោទ្វារផ្ទះ រួចចេញទៅ លក់បាត់ បណ្ដាលឱ្យមាន ករណីទុស្សេខ្សែភ្លើងឆាបឆេះ បំផ្លាញទាំងស្រុងតែម្ដង ។

សមត្ថកិច្ចរថយន្ដពន្លត់អគ្គិភ័យចំនួន៨ គ្រឿងបានបាញ់ពន្លត់ជាបន្ដបន្ទាប់នៅកន្លែងកើតហេតុ ។ ដោយឡែកទ្រព្យ សម្បត្ដិនិងសម្ភារវិញ មិនដឹងថាមានការខូចខាតអស់ប៉ុន្មាននៅ ឡើយទេ ។

សួមបញ្ជាក់ថា អគ្គិភ័យនេះ បានឆេះផ្ទះ ប្រភេទឈើលើថ្មក្រោម តាំងពីវេលាម៉ោង ១១ព្រឹក ស្ថិតនៅជិត ប៉ុស្ដិ៍នគរបាលជ្រោយចង្វារ ក្នុងក្រុមទី៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យក្មេងប្រុសម្នាក់ ឈ្មោះ វ៉ា យុ អាយុ៣ឆ្នាំ ដែលជាកូន ម្ចាស់ផ្ទះរងរបួសរលាកពេញខ្លួន ដោយសារតែនៅក្នុងផ្ទះ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ គន្ធបុប្ផា ទាន់ពេលវេលា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP