CamNews

ព័ត៌មានជាតិ 

អ្នកបើក រថយន្ត​ក្រុង​សាធារណៈ ជាង​១០នាក់ នាំ​គ្នា​ត​វ៉ា​ទាម​ទារ ដំ​ឡើង​ប្រាក់​ខែ​ដល់ ៣០០​ដុល្លារ

ភ្នំពេញ៖ ក្រុមអ្នកបើកបរ រថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញ ប្រមាណ១១នាក់ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥នេះ បាននាំគ្នាធ្វើកូដកម្ម នៅចំណត មួយកន្លែងខាងមុខផ្សាររាត្រី ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ខែ និង ប្រាក់ឧបត្ថម្ភ ឱ្យបានដល់ ៣០០​ដុល្លារ ។

លោក ទៀង គឹមសាន្ត ជាអ្នកបើកបររថយន្តក្រុងសាធារណៈ ដែលចូលរួម ក្នុងការតវ៉ានេះ បានឱ្យដឹងថា កន្លងមកសាលារាជធានី ធ្លាប់បានសន្យាផ្តល់ ប្រាក់ខែឱ្យពួកគេ ពី២៨០ដុល្លារ ទៅ៣០០ដុល្លារ ក្នុងមួយខែ ប៉ុន្តែពេលនេះ ប្រាក់ខែរបស់ពួកគេ ដោយបូកទាំងប្រាក់ឧបត្ថម្ភផង ទទួលបានត្រឹមតែ ៧២ម៉ឺនរៀល ប៉ុណ្ណោះ ដែលប្រាក់ខែនេះ មិនអាចទប់ទល់ នឹងចំណាយ ក្នុងជីវភាព ប្រចាំថ្ងៃបាននោះទេ។ ដូច្នេះពួកគេ ទាមទារឱ្យមានការដំឡើង ប្រាក់ខែថែមមួយ កម្រិតទៀត ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

ជុំវិញបញ្ហានេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សាលាក្រុងមិនអាចដំឡើងប្រាក់ខែ ដូចទៅនឹងការទាមទារ របស់ពួកគេ នោះទេ ព្រោះនេះជាក្របខណ្ឌរដ្ឋ ហើយកន្លងមក សាលាក្រុង ក៏មិនដែលបានសន្យាដំឡើងប្រាក់ខែ ដូចទៅនឹងការចោទប្រកាន់ របស់ពួកគេនោះដែរ ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានឱ្យដឹងថា «កន្លងមកសាលារាជធានីភ្នំពេញ អត់ដែលបានសន្យាអ្វីទាំងអស់ យើងធ្លាប់បាននិយាយមែន កាលពីដោះស្រាយ លើកមុននោះ ដោយសុំឱ្យបងប្អូនចូលធ្វើការធម្មតាវិញទៅ ព្រោះនេះជាសេវារបស់រដ្ឋ មិនមែនសេវាឯកជន ដែលយើងមិនអាចធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែបាននោះទេ អញ្ចឹងសូមឱ្យពួកគាត់ ចូលធ្វើការវិញទៅ ប៉ុន្តែការដែលគាត់ចង់ឡើងនេះ បើសិនជាថ្ងៃមុខទៅ សាលារាជធានីភ្នំពេញ មានចំណូលកើនឡើងជាងមុន យើងនឹងអាចពិចារណា ប៉ុន្តែមិនមែន យើងសន្យាថាឡើង ឱ្យនោះទេ»។

អ្នកនាំពាក្យរូបនេះ ក៏បានព្រមានដល់អ្នកបើករថយន្តក្រុងដែលបានតវ៉ាទាំងនោះ ឱ្យលាឈប់ពីការងាររ បើសិនជាពួកគេមិនពេញចិត្ត ចំពោះការប្រាក់ខែ និងប្រាក់ឧបត្ថម្ភ ដែលសាលាក្រុង បានផ្តល់ជូន ចំនួន៧២ម៉ឺនរៀល ក្នុងមួយខែ ហើយពួកគេអាចទៅធ្វើការងារឯកជនផ្សេងទៀត ដែលទទួលបានប្រាក់ខែខ្ពស់ តាមការទាមទារ របស់ពួកគេ ។

លោក ឡុង ឌីម៉ង់ បាននិយាយថា«បើសិនជាគាត់ពេញចិត្ត គាត់អាចនៅធ្វើការបន្តជាមួយយើង បើគាត់ មិនពេញចិត្ត គាត់អាចឈប់បាន រកការងារឯកជនធ្វើចុះ អត់បញ្ហាទេ ព្រោះយើងអត់មានលទ្ធភាពទេ ហើយយើងបានដោះស្រាយបញ្ហាហ្នឹង ដោយរកអ្នកជំនួសបានហើយ» ។

តាមតួលេខ ដែលបង្ហាញដោយ សាលារាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងមួយថ្ងៃជាមធ្យមពេលនេះ រថយន្តក្រុងសាធារណៈ តាមផ្លូវទាំង៣ខ្សែរបស់សាលាក្រុង មានប្រជាពលរដ្ឋ ធ្វើដំណើរតាមសេវារថយន្តនេះ ប្រមាណ៦ពាន់នាក់ ក្នុងនោះមានតែជាង ៣ពាន់នាក់ប៉ុណ្ណោះ ដែលត្រូវបង់ប្រាក់ ។តួលេខ ដែលបង្ហាញដោយ ហ្វេសប៊ុករបស់សាលារាជធានី បានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា កន្លងទៅនេះ មានប្រជាពលរដ្ឋ ៦៩៥១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ក្នុងនោះ មានតែ៣៦១៦នាក់ប៉ុណ្ណោះ ដែលបង់ថ្លៃ ធ្វើដំណើរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP