CamNews

ព័ត៌មានជាតិ 

បាញ់ ប្លន់រថយន្ដ តាក់ស៊ី ដាក់ថ្នាំបំពុល លួចដូររថយន្ត ជាជំនាញ របស់ជនសង្ស័យ អាយុ ២២ឆ្នាំម្នាក់

សៀមរាប នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤នេះ កងរាជាអាវុធហត្ថខេត្តសៀមរាប បាន វែកមុខជនសង្ស័យ ស្ដីពីករណី ឃាតកម្មគិតទុកជាមុន អំពើលួច ឃាតកម្មដោយការប្រើថ្នាំពុល កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៤ នេះ ដែលបានប្រព្រឹត្ត នៅចំណុចផ្ទះសំណាក់ ហេបភី ឡាហ្វ ដែលស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង̸ខេត្តសៀមរាប ដែលបង្ករដោយជន សង្ស័យ ឈ្មោះ ប៊ុន ភិរុណ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ភូមិល្វាលើ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ។

យោងតាមបទបញ្ជា របស់ លោក ម៉ន សាម៉ុន មេបញ្ជាការកង រាជអាវុធហត្ថខេត្តសៀមរាប សម្រាប់កិច្ចការ ស៊ើបសួរ ស្រាវជ្រាវចំពោះករណីនេះ និងដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការង និងជាប្រធាន មន្ទីរស្រាវជ្រាវ និងយុត្តិធម៌ និងបានដឹកនាំសម្របសម្រួល នីតិវិធី ដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអម សាលាដំបូង ខេត្តសៀមរាប សមត្ថកិច្ច កងរាជអាវុធហត្ថ បានស្រាវជ្រាវ និងរកឃើញករណី និងភស្ដុតាងមួយ ចំនួន ទាក់ទង ករណី ឃាតកម្មគិតទុកជាមុន អំពើលួច ឃាតកម្មដោយការប្រើថ្នាំពុល ។

ស្ដ្រីម្ចាស់ផ្ទះសំណាក់ ហាបភីឡាហ្វ ឈ្មោះ ពេជ្រ សុផលលាភ អាយុ ៤២ឆ្នាំ បានឲ្យដឹងថា គឺកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣ មានឈ្មោះ ប៊ុន ភិរុណ បានមកស្នាក់សម្រាក់នៅបាន រយៈពេល២ថ្ងៃ ហើយជងសង្ស័យ ខាងលើនេះ បាននាំមិត្តភក្ដិចំនួន២នាក់  មកស្នាក់នៅផ្ទះ សំណាក់ខាងលើនេះ ហើយបានប្រាប់ថា មិត្ត រួមការងារជាមួយគ្នា ហើយក៏ត្រឡប់ទៅវិញ ។ ឈ្មោះ ប៊ុន ភិរុណ បានមកស្នាក់ជារៀងរាល់ខែ រហូតដល់ ថ្ងៃទី១២ មករា ឆ្នាំ២០១៤ ជននេះ បានមកផ្ទះសំណាក់ម្ដងទៀត ហើយបានទិញផ្លែឈើ មកផ្ញើអ្នកនៅផ្ទះ សំណាក់ញ៉ាំ តែគាត់ មិនបានញ៉ាំឡើយ ។

ពេលនោះឈ្មោះ ភិរុណ បាននិយាយថា បានយកទៅដាក់ក្នុងទូទឹកកក រហូតដល់ថ្ងៃទី១៦ មករា ឈ្មោះ នេះបាននិយាយជាមួយខ្លួន នៅពេលកំពុងមើលកូន ហើយខ្លួនគាត់បានសួរថា ទឹកដោះ គោលាយជាមួយទឹក សណ្ដែកនេះឆ្ងាញ់ រួចឲ្យគាត់សាកមើល តែគាត់បដិសេធ។ នៅព្រឹកនោះ ផងដែរ កូនរបស់គាត់ឈឺ ហើយគាត់ បាននាំទៅមន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា កូនត្រូវថ្នាំពុល ។ លុះដល់ព្រឹកថ្ងៃទី១៧ ខែមករា ២០១៤ ឈ្មោះ ប៊ុន ភិរុណ បានធ្វើសកម្មភាពលួច អាយភេត ពណ៌ខ្មៅរបស់ខ្លួន ១គ្រឿង រួចក៏ចេញទៅក្រៅ ។

លោកមេបញ្ជាការរង អ.អ ខេត្ត បានប្រាប់ឲ្យដឹងថា យោងម្ចាស់ផ្ទះសំណាក់ ហាបភី ឡាហ្វ បានប្ដឹងមក សមត្ថកិច្ច អ.ហ ខេត្តសៀមរាប សមត្ថកិច្ចក៏បានឃាត់សួរនាំ ឈ្មោះ ប៊ុន ភិរុណ និងដោយបុគ្គលនេះ មាន អាវុធជាប់ជាមួយផងនោះ គេក៏បានសារភាពថា កាលពីថ្ងៃទី៣០ ខែកញ្ញា ២០១៣ ខ្លួនបានប្លន់យករថយន្ដ តាក់ស៊ី កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2W-0410 ពីអ្នករត់កាត់ស៊ីឈ្នួលម្នាក់ ដោយ ម៉ៅពីភ្នំពេញមកកាន់សៀមរាប ក្នុងតម្លៃ ១០០ដុល្លារ និងជិះវាងតាមកំពុងចាម គឺជិះតែម្នាក់ឯង រួមជាមួយនឹង ម្ចាស់តាក់ស៊ី ។

ពេលជិះមកដល់ ចំណុចម្ដុំចំការកៅស៊ូ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំតាប្រុក ស្រុកចំការលើ ខេត្ត កំពង់ចាម ជន សង្ស័យបានឲ្យម្ចាស់តាក់ស៊ីឈប់ ដើម្បីខ្លួនចុះនោម ពេលរថយន្តឈប់ គេក៏បាន ចុះពីរថយន្ត ហើយបានដក កាំភ្លើង ម៉ាកកាហាបួន (K54)ដែលខ្លួនបានទិញពីឈ្មោះ រ៉ា បាន បាញ់សំដៅទៅលើអ្នកបើករថយន្ត ចំនួន១គ្រាប់ ចំទ្វាររថយន្ដធ្លុះ ទៅចំអ្នកបើករថយន្ត ហើយ ខ្លួនក៏បាន ស្រែកគម្រាមថា ឲ្យចេញពីពីឡាន ពេលនោះអ្នកបើករថយន្ត បានចេញពីឡាន ជនសង្ស័យក៏បានចូលទៅបើករថយន្ត ដែលប្លន់នោះជិះសំដៅ ទៅខេត្តឧត្តរមានជ័យ ។

តាមចម្លើយសារភាព ជនសង្ស័យបានស្នាក់នៅខេត្តឧត្ដរមានជ័យ មួយយប់ ក៏បានយករថយន្ដ បាឡែននោះ ទៅដូរជាមួយនឹងនគរបាល ដែលឈរជើងនៅខេត្តនោះ ដែលមានឈ្មោះ ស៊ិន សៅ ប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ដែលឡានរបស់ ស៊ិន សៅ ជិះរថយន្ដបាឡែន ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2G-3993 បានដូរជាមួយរថយន្ដរបស់ខ្លួនដែលប្លន់បាន ហើយ ស៊ិន សៅ ថា ជារថយន្ដរបស់ខ្លួនកាមរី បាឡែន ពេលនោះក៏បានព្រមព្រៀងគ្នា ប៉ុន្តែខ្លួនបាននិយាយប្រាប់ទៅ ស៊ិន សៅ ថា រថយន្ដ របស់ខ្លួនគ្មានពន្ថទេ តែដោយ ស៊ិន សៅ ចង់បាន ក៏ព្រមថែមប្រាក់ឲ្យចំនួន ៥០០ដុល្លារអាមេរិក មកខ្លួន ។

បន្ទាប់ពីបានរថយន្ត ដែលដូរគ្នាជាមួយ ស៊ិន សៅ ខ្លួនក៏បានជិះទៅឡើងផ្ទះបងធម៌ម្នាក់ ដែល ជានគរបាល អាកាសចរណ៍ នៅរាជធានីភ្នំពេញ រួចខ្លួនក៏បានបញ្ចាំឲ្យគាត់ ក្នុងតម្លៃ ២.០០០ ដុល្លារអាម៉េរិក គឺបញ្ចាំកាលពី ថ្ងៃទី១២ ខែធ្នូ ២០១៣ ដោយប្រាប់ថា ខ្លួនបានទិញទីកន្លែងលក់ រថយន្ដ នៅម្ដុំផ្សារសាមគ្គី ខេត្តសៀមរាប ។ ហើយនៅក្នុងខែឆ្នាំដដែល រថយន្តនោះក៏បានលក់ ទៅឲ្យបងធម៌ខ្លួន ក្នុងតម្លៃ ៧.៥០០ដុល្លារអាម៉េរិក ។

ហើយលើកទី២ កាលពីថ្ងៃទី២ ខែធ្នូ ២០១៣ ជនសង្ស័យបានសារភាពថា  ខ្លួនបានជិះរថយន្ដ កូរូឡា ពណ៌ស្កពាក់ស្លាកលេខ បាត់ដំបង 2A-2523 សេរីឆ្នាំ១៩៩៥ មកលក់ឲ្យពេទ្យធ្មេញម្នាក់ នៅក្រុងសៀមរាប ក្នុងតម្លៃ ៣៥០០ដុល្លារ ពេលទទួលបានប្រាក់ខ្លួន ក៏ត្រឡប់ទៅភ្នំពេញវិញ។

លើកទី៣ កាលពីថ្ងៃទី១២ ខែមករា ២០១៤ ខ្លួនបានមកស្នាក់ នៅផ្ទះសំណាក់ហាបភីឡាហ្វ បន្ទាប់មកខ្លួនក៏ បានទៅទិញថ្នាំសម្លាប់សត្វល្អិត ចំនួន៦កញ្ចប់ និងថ្នាំងងុយដេក នៅម្ដុំផ្សារ សាមគ្គី ។ លុះដល់ល្ងាចថ្ងៃទី១៦ មករា ក៏បានដាក់ថ្នាំទាំងពីរមុខខាងលើ ចូលក្នុងដបទឹកសណ្ដែក ២ដប់ ទឹកដោះគោ ទឹកត្នោតជូរ ដែលបាន ខ្លាស់សេក្នុងទូរទឹកកក ដើម្បីឲ្យម្ចាស់ផ្ទះ ផឹក ប៉ុន្ដែ ខ្លួនមិនបានឃើញម្ចាស់ផ្ទះផឹកនោះទេ លុះព្រឹកថ្ងៃទី១៧ មករា ២០១៤ ខ្លួនក៏បានចូលទៅក្នុង បន្ទប់គេង របស់កូនម្ចាស់ផ្ទះ ដើម្បីចូលទៅលួច អាយភេត បន្ទាប់មកខ្លួន ក៏បានយក អាយភេត ទៅដាក់បញ្ចាំ នៅហាងមួយនៅផ្សារញ៉ែ ក្រុងសៀមរាប ក្នុងតម្លៃ ២០០ដុល្លារ ហើយក៏បាន ជិះ ម៉ូតូមកផ្ទះសំណាក់វិញ ពេលកមដល់ត្រូវបាន សមត្ថកិច្ចឃាតខ្លួនតែម្ដង ។

ហើយនៅព្រឹកថ្ងៃទី២០ មករា ២០១៤នេះ សមត្ថកិច្ចរាជអាវុធហត្ថ បានបង្ហាញមុខសញ្ញា និង ភស្ដុតាងនិង ការប្រគល់រថយន្ដ និងអាយភាត ជូនម្ចាស់ដើមវិញ។ គឺ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន ភិរុណ ភេទប្រុស អាយុ២២ឆ្នាំ ។ ដកហូតវត្ថុតាង អាវុធខ្លី កាហាបូន (K54) លេខ១៤០៨ តកាណុង បង់១ និងគ្រាប់ ៥គ្រាប់ ថ្នាំ បំពុលសត្វល្អិត ប្រភេទ ព្រីវ៉ាផន ១កញ្ចប់ និងសំបក ៤កញ្ចប់ និងសារាងចំនួន១ ម្ជុលចំនួន៤ ។

និងរថយន្ដម៉ាក់កាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2K-2181 (ស្លាកលេខ ក្លែងក្លាយ និងស្លាក លេខ (ពិតប្រាកដ) ភ្នំពេញ 2W-0410 ។ ទួរស័ព្ទម៉ាក់ Metfone ១គ្រឿង អាយភាត ១គ្រឿង អត្តសញ្ញាណប័ណ្ណ យោធា ១សន្លឹក ។ ចំពោះ រថយន្ដ សមត្ថកិច្ច បាន ប្រគល់ជូនម្ចាស់ដើមវិញ ដែលមានឈ្មោះ និងអាយភាត ក៏បានប្រគល់ជូនទៅម្ចាស់ដើមវិញ ហើយដែរ ។

សូមបញ្ជាក់ផងដែរថា ចំពោះជនរងគ្រោះ ដែលជាអ្នកបើកបររថយន្ដតាក់ស៊ី ដែលត្រូវបានជន សង្ស័យ បាញ់ ឲ្យរបួសត្រង់ពោះយ៉ាងធ្ងន់ធ្ងរ កាលពីរាត្រីថ្ងៃទី៣០ កញ្ញា ២០១៣នោះ នៅព្រឹក ថ្ងៃទី២០នេះ លោកនៅមាន សភាពភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំងនៅឡើយ ហើយលោក នៅមានការឈឺចាប់ខ្លាំង នៅត្រង់ពោះនៅឡើយ ។

ហើយបើតាមព័ត៌មានក្រៅផ្លូវការ បានឲ្យដឹងថា អ្វីដែលអនិច្ចា សម្រាប់អ្នកបើកបររថយន្ដ ម្នាក់ នេះ ត្រូវបាន ប្រពន្ធសុំលែងលះ និងបែកពីកូនៗ ដោយសារតែប្រពន្ធរបស់គាត់ មិនជឿ ថាគាត់ ត្រូវចោរប្លន់ បែរជាគិតថា គាត់ យករថយន្ដនោះទៅលក់ ឬ យ៉ាងណានោះ ទោះបីគាត់មានរបួស ធ្ងន់ធ្ងរយ៉ាងនេះ ក្ដីក៏ប្រពន្ធនិងជឿគាត់ដែរ ។

បច្ចប្បន្ន ការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលា ដំបូងខេត្ត សៀមរាប ដើម្បីចាក់ការតាមផ្លូវច្បាប់ ។ ហើយបើតាមព័ត៌មានមិនផ្លូវការ បានឲ្យដឹង នៅពេលចុងក្រោយ នេះថា អ្នកពាក់ព័ន្ធនិងការដូរដោះរថយន្ដ ជាមួយជនសង្ស័យ ក៏បានបញ្ជូន ទៅសាលាដំបូងខេត្តផងដែរ ។ ហើយ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវ និងស្វេងរកអ្នកដែលជាប់ ពាក់ព័ន្ធ ដទៃទៀតផងដែរ ៕

Photo by DAP-News

ជនសង្ស័យនិងវត្ថុតាង

Photo by DAP-News

ជនសង្ស័យកំពុងធ្វើសកម្មភាពបង្ហាញ

Photo by DAP-News

សមត្ថកិច្ចបង្ហាញស្លាកលេខរថយន្តដែលជនសង្ស័យផ្លាស់ប្តូរក្រោយពេលប្លន់បាន

Photo by DAP-News

សមត្ថកិច្ចប្រគល់ អាយផេត ទៅជនរងគ្រោះវិញ

Photo by DAP-News

ស្លាកស្នាមនៅលើពោះ របស់ជនរងគ្រោះ ដែលជនសង្ស័យបាញ់ប្លន់កន្លងមក

Photo by DAP-News

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ