កំពង់ឆ្នាំងៈ ស្ត្រីម្នាក់កូនខ្ចី ទើបបាន០១ខែ ៧ថ្ងៃ បានរងរបួសធ្ងន់ ដោយត្រូវប្តីវាយដំ ច្របាច់ក រហូតដល់សន្លប់ធំ នៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ ហើយត្រូវ បាន ប្រជាពលរដ្ឋ ក្នុងភូមិរាយការណ៍ អោយសមត្ថកិច្ចនគរ បាលមូលដ្ឋាន ជួយអន្តរាគមន៍ ប៉ុន្តែពេលសមត្ថកិច្ច ព័ទ្ធផ្ទះហៅបុរសជាប្តី អោយចុះមកពីលើផ្ទះ ជាច្រើនម៉ោង ទើបគេចុះមក ដោយដៃកាន់កាំបិតផ្គាក់១ផង ធ្វើអោយសមត្ថកិច្ច រត់ចែកជើងគ្នា រហូតជាង៤ម៉ោង ទើបសមត្ថកិច្ច សម្រុកចូលចាប់ខ្លួនគេបាន។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិ អ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បានអោយដឹងថា បុរសជាប្តីដ៏កំណាច រូបនោះមាន ឈ្មោះ ឃ្លោក ចិត្ត អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែក ស្ត្រីជាប្រពន្ឋមានឈ្មោះជុំ ធី អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង បាន មករស់នៅស្រុកខាងប្តី នាងទើបតែសម្រាលកូន ស្រីអាយុ១ខែ ៧ថ្ងៃប៉ុណ្ណោះ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៏ថា មានអំពើហឹង្សាក្នុងគ្រួសារមួយ គឺស្ត្រីកូនខ្ចី ត្រូវបានបុរសជាប្តីវាយដំ និងច្របាច់ក បណ្តាលអោយសន្លប់ ពេលនោះសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន និងស្រុកចុះទៅដល់កន្លែងកើតហេតុ បានឃើញប្រពន្ធសន្លប់នៅលើគ្រែ ក៏បានអោយម្តាយ ក្មេកស្ត្រីរងគ្រោះ នាំស្ត្រីរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកកំពង់ត្រឡាច តែដោយរបួស ធ្ងន់ធ្ងរទើបគ្រូពេទ្យ បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកបុរសជាប្តីបាន សម្ងំពពួន នៅលើផ្ទះមិនព្រមចុះ ហើយបានកាន់កាំបិតផ្គាក់ មួយយ៉ាងធំមកជាមួយផង ធ្វើអោយសមត្ថកិច្ចនគរ បាលផ្អើលដកខ្លួនថយមួយរយៈ ក្រោយមកលោក ក៏បានដើរចូល ទៅនិយាយលួងលោម ទល់មុខជាមួយគេ យ៉ាងយូរហូតដល់បុរសនោះភ្លេចខ្លួន ទើបកម្លាំងសមត្ថកិច្ច ស្ទុះសម្រុកចូលទៅចាប់ខ្លួនបាន និងដកហូតកាំបិតផ្គាក់ទុក។
ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងហើយបញ្ជូនខ្លួន ទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី តាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល