(ភ្នំពេញ)៖ តារាសម្តែង-ចម្រៀងរបស់ខ្មែរ ៣ដួង កញ្ញា ដួង ម៉ានិច ,កញ្ញា ប៉ែន ស្រីពេជ្រ និងតារាចម្រៀងប្រុស លោក អាន គុណកូឡា ពេលនេះកំពុងតែទទួលបានភាពជោគជ័យក្នុងការសម្តែង-ច្រៀង ដោយសាមានអ្នកគាំទ្រជាច្រើន ពីសំណាក់បងប្អូនពលករខ្មែរ នៅប្រទេសកូរ៉េ។
កាលពីថ្ងៃទី០២-០៣ខែមេសា ឆ្នាំ២០១៦កន្លងមកនេះមជ្ឈមណ្ឌល ព្រះពុទ្ធសាសនាខ្មែរ បានរៀបចំកម្មវិធីជួបជុំគ្នា ជាគ្រួសារខ្មែរនៅសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមបង្ហាញវត្តមានច្រៀង-សម្តែង ពីតារាចម្រៀងប្រុស-ស្រីខ្មែរចំនួន៣នាក់ គឺកញ្ញា ដួង ម៉ានិច ,កញ្ញា ប៉ែន ស្រីព ជ្រ និងលោក អាន គុណកូឡា ។ ព្រឹត្តិការណ៍ប្រគំតន្រ្តីនេះ ធ្វើឡើងក្នុងគោលបំណងផ្ដោតសំខាន់ ដើម្បីអបអរសាទរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
វត្តមានតារាចម្រៀងប្រុស-ស្រីល្បី របស់កម្ពុជាចំនួន៣រូប ដែលបានចេញទៅច្រៀង-សម្ដែង នៅលើទឹកដីប្រទេសកូរ៉េលើកនេះ មិនត្រឹមតែជាការសម្ដែងជូនពលករខ្មែរ នៅកូរ៉េបានទស្សនារាំកន្សាន្តសប្បាយរីករាយនោះទេ ថែមទាំងជាបង្កើត ឲ្យមានព្រឹត្តិការណ៍ដ៏សំខាន់ៗ មួយចំនួនដូចជា ការប្រារព្ធពិធីតាមបែបសាសនា ការទទួលទាលអាហារសាមគ្គីជុំគ្នា ការសម្តែង របាំ ល្បែងប្រជាប្រិយខ្មែរ រាំងលេងកំសាន្ត ចង្វាក់ប្រពៃណីជាមួយតារាចម្រៀងខ្មែរ ។
តាមរយៈរូបថតជាច្រើន ដែលត្រូវបានបង្ហោះនៅលើហ្វេសប៊ុក របស់តារាសម្តែងស្រីកញ្ញា ដួង ម៉ានិច ត្រូវបានគេសង្កេតឃើញថា នៅក្នុងកម្មវិធីប្រគំតន្រ្តីនេះ បន្ទាប់ពីការបង្ហាញវត្តមានពីសំណាក់តារាចម្រៀងប្រុស-ស្រីរបស់ខ្មែរទាំង៣រូប គឺកញ្ញា ដួង ម៉ានិច,កញ្ញា ប៉ែន ស្រីពេជ្រ និងលោក អាន គុណកូឡា ភ្លាមៗនោះ បានធ្វើឲ្យ ទស្សនិកជន ដែលជាពលករខ្មែរមកចូលរួមទស្សនា រាំលេងកំសាន្តសប្បាយ និងនៅលើវេទិកាតន្ត្រីទាំងមូល មានភាពកក្រើកសប្បាយ រីករាយជាខ្លាំង។
កញ្ញា ដួង ម៉ានិច ថ្លែងប្រាប់គេហទំព័រ Khmertalking តាមបណ្តាញសង្គមហ្វេសប៊ុក ពីប្រទេសកូរ៉េទាំងអារម្មណ៍រំភើបរីករាយ ដោយខ្លីបែបនេះថា« ជោគជ័យហើយបង..! ពួកខ្ញុំសប្បាយចិត្តខ្លាំងណាស់..»។
បើតាមការបញ្ជាក់ នេះជាលើកទី១របស់ពួកគេ ដែលបានឱកាសចេញដំណើរ ទៅច្រៀងនិងសម្តែង នៅលើទឹកដីប្រទេសកូរ៉េ៕














ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី