កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បង្កដោយបុរសជាប្តីដឹកប្រពន្ធ មានផ្ទៃពោះ៦ខែ ជិះ ម៉ូតូទៅបុក រថយន្តធុនធំចតស្ងៀម កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅតាមផ្លូវជាតិលេខ៤១ ចំណុចមុខភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសជាប្តី មានឈ្មោះ ថៃ មករ៉ា ភេទប្រុស អាយុ ២៨ មានទីលំនៅភូមិ សេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ កម្មករសំណង់ បានជិះម៉ូតូម៉ាក សង់កូរ៉េ ១គ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខ.ណ ភព-១៩៣៧០ ឌុប ប្រពន្ធឈ្មោះស្រី ម៉ៅ អាយុ២៧ឆ្នាំ មានផ្ទៃពោះប្រហែល៦ខែ ទៅបុកចំពីក្រោយរថយន្ត១គ្រឿង ម៉ាក FUSO ពណ៌ត្រួយចេក ផ្លាកលេខ ភ្នំពេញ 3A-1278 បណ្តាលឲ្យអ្នកបើកម៉ូតូ និងប្រពន្ធ រងរបួសធ្ងន់ ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តធុនធំ មានសណ្តោងរ៉ឺមកនោះខូច ហើយបានឈប់នៅលើទ្រូងថ្នល់ ដោយ មានកាច់មែកឈើ ដាក់ពីក្រោយរថយន្ត ចម្ងាយប្រហែល៣០ម៉ែត្រ និងមានអំពូលភ្លើងតូចមួយ ដាក់ ជាប់ទ្រុងក្រោយ តែមិនដឹងជាយ៉ាងម៉េច បានបុរសរងគ្រោះពីរនាក់ប្តីប្រពន្ធ មើលមិនឃើញ បុកពេញ ទំហឹងតែម្តង។
សមត្ថកិច្ចបានបន្តថា ក្រោយបុករួចអ្នកបើកបរ រថយន្តធំរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជន រងគ្រោះ ទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង សមត្ថកិច្ចជំនាញ បានប្រមូលយកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីបន្ត ចាត់ការ តាមនីតិវិធី ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល