CamNews

ព័ត៌មានជាតិ 

ឃ្លានផឹកពេក មនុស្សមិនស្គាល់គ្នា បបួលផឹកស៊ី ទៅជាមួយ ពេលស្រវឹង ត្រូវគេយកម៉ូតូ បាត់មួយគ្រឿង

ភ្នំពេញ៖ យុវជនម្នាក់ ក្នុងចំណោម៤នាក់ បានចាញ់បោក ជនសង្ស័យមួយក្រុម ដែលទើបតែស្គាល់គ្នា លើក ដំបូង ក៏បានបបួលពួកគេប៉ាវ ទៅផឹកស៊ី ហើយនៅពេល ស្រវឹងជោគជាំរៀងៗខ្លួននោះ ក៏ត្រូវបានក្រុម ជនសង្ស័យ យកម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៥ មួយគ្រឿងបាត់តែម្តង ។

ហេតុការណ៍នេះ បានកើតឡើង នៅខាងមុខសួនវត្តបទុម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពី វេលាម៉ោង១នឹង៤០នាទីរំលង អាធ្រាតឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា  ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ ឈិន រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាសិស្ស មានស្រុកកំណើត នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តស្វាយរៀង ។

ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា រូបគេរួមជាមួយមិត្តភក្តិ ៤នាក់ទៀត បានជិះម៉ូតូ២​គ្រឿង នាំគ្នាជិះមកដើរលេងកោះពេជ្រ និងបានជួបបុរសម្នាក់ ដែលមិនធ្លាប់ស្គាល់គ្នា ពីមុនទាល់​តែ​សោះ ដោយបាន បបួលពួកគេទៅ ផឹកស៊ី ដោយបាននិយាយថា គេជាអ្នកប៉ាវ និងបានហៅមិត្តរបស់បុរសសង្ស័យ២នាក់ថែមទៀត ។ ដោយនិយាយត្រូវរ៉ូវគ្នា ពួកគេទាំងអស់បាននាំគ្នាទៅផឹកស៊ីនៅខាង មុខសួរច្បារវត្តបទុម អស់ប្រមាណ ជា១កេះ និងមានសភាពស្រវឹងសន្លប់រៀងៗខ្លួន ។ ដោយឃើញឱកាសល្អ ក្រុមជនសង្ស័យ បានយកបាន នាំគ្នាយកម៉ូតូពីជនរងគ្រោះមួយ គ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៥ ជិះចេញបាត់តែម្តងទៅ ហើយនៅពេលងើបពីសន្លប់វិញទើបដឹងថា ត្រូវគេបោកម៉ូតូយកទៅបាត់ ។

ក្រោយមកក្រុមជនរងគ្រោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីឱ្យ សមត្ថកិច្ចកំណត់មុខសញ្ញា តាមស្វែងរកក្រុមជន សង្ស័យផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP