(ប៉ៃលិន)៖ កម្មករលីសែង២នាក់ បានស្លាប់ភ្លាមៗ ដោយឆក់ខ្សែរភ្លើង ខណៈពេលកំពុងលើកដែកបំពង់ បម្រុងចងជាប់ដើមឈើដើម្បីធ្វើរោង បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ហេតុការណ៍នៅវេលាម៉ោង០៩៖១០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះ ទី១ឈ្មោះ ឡា (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាកម្មករលីសែង និងទី២-ឈ្មោះ ខន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតភូមិជ្រៃ ឃុំជ្រៃ ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង ជាកម្មករដូចគ្នា។
អ្នកឃើញកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់នេះ បានឡើងទៅលើដើមម្ខុប តែដោយសារបំពងដែកដែលយកទៅចង វាវែងពេកបណ្តាលឲ្យ យោលចុះយោលឡើង ទៅប៉ះនិងខែ្សរភ្លើងតាមបណ្តោយផ្លួវជាតិ បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ ដោយម្នាក់ទើរលើដើម ហើយម្នាក់ទៀតធ្លាក់មកក្រោមតែម្តង។
ភ្លាមៗនោះពួកកម្មករទាំងអស់ បាននាំគ្នាមកជួយដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែបានស្លាប់បាត់ទៅហើយ។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងថា ជនរងគ្រោះទាំងពីរ បានស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យ ហើយបច្ចុប្បន្នសពត្រួវបានសាច់ញាតិ ដឹកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕











ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី