CamNews

ព័ត៌មានជាតិ 

ព័ត៌មានលម្អិត៖ អតីតប្តីកាប់សម្លាប់ប្រពន្ធ រួចលោតទឹកសម្លាប់ខ្លួននៅស្ពានអ្នកលឿងតាមក្រោយ បន្ទាប់ពីលែងលះ

កណ្តាល ៖ ករណីមនុស្សឃាតដ៏សាហាវព្រៃផ្សៃមួយ ​បានកើតឡើងទៅលើស្រ្តីម្នាក់ ត្រូវ​​អតីតប្តីដែលទើបតែលែងលះគ្នាបាន២ខែ បើកម៉ូតូមកកាប់ប្រហារ ជិតដាច់ក្បាល បណ្តាឲ្យស្លាប់​ភ្លាមៗ នៅកន្លែងកើតហេតុ​ នៅម៉ោង២៖៣០នាទីរសៀល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។


ស្ដ្រីជនរងគ្រោះ ឈ្មោះ ទុន ស្រីណយ ​អាយុ២០ឆ្នាំ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ដោយឡែកជនដៃដល់ជាប្ដី ដែលទើបលែងលះគ្នាបាន២ខែ ពោលនៅខែមេសា ឆ្នាំ២០១៨ ឈ្មោះ អ៊ិន ដារ៉ាឆាយរ៉ាត់ ​អាយុ២១ឆ្នាំ ​មុខរបរ​ជាងជួសជុលរថយន្ត មានទីលំនៅភូមិ អំពិលទឹកឃុំកំពង់ភ្នំ ស្រុក​លើកដែក។ បន្ទាប់ពីកាប់អតីតប្រពន្ធស្លាប់ហើយ ជនដៃដល់បានលោតពីលើស្ពាន​ត្សឹបាសា (ស្ពានអ្នកលឿន) ធ្វើអត្តឃាតតាមក្រោយ​។

របាយការណ៍របស់ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងថា នៅមុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ ទន់ ស្រីណយ បានជិះម៉ូតូ​ទៅយកលុយ​តុងទីន​នៅ​ផ្ទះ ឈ្មោះ ញ៉ែម ចក់ លុះដល់ម៉ោងកើតហេតុខាងលើ​ឈ្មោះ ទន់ ស្រីណយ បានជិះម៉ូតូ​ចេញពី​ផ្ទះ​យកលុយតុងទីនត្រឡប់មកផ្ទះរបស់ខ្លួនវិញ​ លុះមកដល់​កន្លែងកើតហេតុ ក្នុងបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន កំពង់ចម្លង បានជួប​អតីត​ប្តី ឈ្មោះ អ៊ិន ដារ៉ាឆាយរ៉ាត់ បានស្ទាក់​កាប់បណ្តាលឲ្យស្លាប់ ជនរងគ្រោះ​នៅកន្លែងកើតហេតុតែ​ម្តង។​

បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដែលនាំកើតមាននូវករណីឃាតកម្មនេះ មកពីអតីតប្ដីប្រច័ណ្ឌ ហើយជនដៃដល់​មានគម្រោងគិតទុកជាមុន ដោយបានត្រៀមកាំបិត ដបទឹកសុទ្ធ ដាក់សាំង​កន្លះ​ដប និងប្រើម៉ូតូ​ជាមធ្យោបាយធ្វើសកម្មភាព ហើយក្រោយពីបានធ្វើសកម្មភាពបានសម្រេច ជនដៃដល់បានធ្វើអត្តឃាត​ដោយលោតទឹក​សម្លាប់ខ្លួន តែរកសាកសព​មិនទាន់ឃើញ​​៕

ប្រភព ៖ ហ្រ្វេសញ៉ូវ


Tags: Local news Social news