CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចឆ្មក់ចូល ឆែកឆេរភូមិគ្រឹះ ក្នុងបុរីកាំងម៉េង ពាក់ព័ន្ធការ ចាប់ជម្រិត តាមអ៊ីនធើណេត

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចារកម្មក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ
មូលដ្ឋាន ដឹកនាំ ដោយព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចូលឆែកឆេរ
ភូមិគ្រឹះ មួយក្នុងបុរីកាំងម៉េង ស្ថិត នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយសង្ស័យជាកន្លែង
ដែលក្រុមជនល្មើសប្រើជាធម្យោបាយ ធ្វើសកម្មភាព ចាប់ជំរិត តាមប្រព័ន្ធអ៊ីនធើណេត។

ការឆ្មក់ចូលឆែកឆេរភូមិគ្រឹះដ៏ស្កឹមស្កៃ ដែលបញ្ជាកម្លាំងដោយ លោកឧត្តមសេនីយ៍ សូ ប៊ុនធឿន
ប្រធាននាយក ដ្ឋានចារកម្មក្រសួងមហាផ្ទៃ តាំងពីវេលាម៉ោង៨ព្រឹករហូតដល់ម៉ោង ១០ និង៣០
នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១២ មិនទាន់បានបញ្ចប់នៅឡើយទេ ហើយប្រតិបត្តិការនេះ ក៏មិន
បានចាប់ជនសង្ស័យណាម្នាក់ដែរ ព្រោះ ពួកជនល្មើស ដែលគេដឹងថា ជាជនជាតិចិននោះ បាន
រត់គេចខ្លួនបាត់អស់ហើយ។

យោងតាមការបង្ហើបឲ្យដឹងពីមន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា ភូមិគ្រឹះត្រូវបានគេជួលឲ្យជនជាតិចិន
៤នាក់ អស់ រយៈពេលជាង១ខែមកហើយ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានរកឃើញ
ទូរស័ព្ទ និងឧបករណ៍មួយចំនួន ទៀត ដែលក្រុមជនល្មើសប្រើជាធម្យោបាយ ប្រព្រឹត្តសកម្មភាព
ល្មើសច្បាប់របស់ពួកគេ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានខែកន្លងទៅនេះ សមត្ថកិច្ចជំនាញកម្ពុជា បានធ្វើការបង្រ្កាប និង
ចាប់ខ្លួនជនជាតិចិន និងជនជាតិតៃវ៉ាន់មួយចំនួនផងដែរ ដែលជាប់ពាក់ព័ន្ធបទល្មើសចាប់ជំរិត
និងបទល្មើសផ្សេងៗជាច្រើនទៀត តាមប្រព័ន្ធអ៊ីនធើណេត។ ជាមួយគ្នានេះ ពួកជនល្មើសមួយ
ចំនួន ក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសរបស់ពួកគេ ផងដែរ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ