ភ្នំពេញ៖ មន្រ្តីនគរបាខណ្ឌសែនសុខ បានឲ្យដឹងថា នៅម៉ោង២៖៣០នាទី យប់ថ្ងៃទី៨ខែសីហា ឆ្នាំ២០១៥ មានករណីបាញ់ប្រហារមួយ បានកើតឡើងនៅចំនុច ផ្លូវរទេះភ្លើង ស្ថិតនៅភូមិ CPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបង្ករឡើងដោយជនបុរស២នាក់ ដែលមានឈ្មោះ ឡុង វណ្ណដេត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីប៉ូលីស ស្នាក់នៅក្នុងបុរីសាន់វ៉េ សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងទី២-ឈ្មោះ សួង ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាទាហាន ស្នាក់នៅជាមួយគ្នាបានជិះម៉ូតូ១គ្រឿង ម៉ាក Air Blake ស្លាកលេខ នគរបាល១-៥៥៩៨ បានធ្វើការបាញ់ប្រហារមកលើបុរសម្នាក់ ឈ្មោះ ជៀម សុផៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបោះពុម្ភ បណ្តាលត្រូវ១គ្រាប់ ឲ្យរងរបួសធ្លុះកំភួនជើងខាងឆ្វេង។
បើតាមការបញ្ជាក់របស់ជនរងគ្រោះថា មុខពេលកើតហេតុ ក្រុមរបស់ខ្លួនមានគ្នា៥នាក់ (ប្រុស៤ និងស្រី១) ជិះម៉ូ៤គ្រឿងបានចូលរាំលេងកម្សាន្ត នៅក្លឹបមួយ តាមផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុះបន្ទាប់ពីរាំលេងសប្បាយហើយ ដល់ម៉ោង២៖០០នាទីយប់ ក្រុមខ្លួនក៏បាននាំគ្នាចេញទៅផ្ទះ ដោយធ្វើដំណើរ តាមផ្លូវ១៩៨៦ ឆ្ពោះទៅផ្លូវ៥៩៨ លុះមកដល់ត្រង់ផ្លូវរទេះភ្លើង ក៏បានជួបប្រទះជនដៃដល់ បានប៉ះសំដីគ្នាតិចតួច ស្រាប់តែជនដៃដល់ ជាប៉ូលីសបានដកកាំភ្លើង ខ្លីម៉ាកឡុកបាញ់ប្រហារសំដៅមកលើជនរងគ្រោះ បណ្តាលឲ្យត្រូវធ្លុះកំភួនជើងខាងឆ្វេង ក្រោយពីបានការផ្ទុះអាវុធភ្លាមៗនោះ កំលាំងប៉ុស្តិ៍ទឹកថ្លា បានចុះទៅឃាត់ ជនបង្ករភ្លាមៗ មកសួរនាំនៅប៉ុស្តិ៍ទឹកថ្លា៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល